រាជធានីភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយបីលោក អ៊ឹម ជីវ៉ា ដែលលោកតែងតែចេញមុខនៅលើបណ្តាញសង្គមជាញឹកញាប់ ក៏ដូចជាបុគ្គលដែលត្រូវបានមហាជន និងអ្នកលេងបណ្តាញសង្គម ស្គាល់ជារឿយៗតាមរយៈការសម្ភាសន៍តារា ការចែកសម្ភារ ឬលុយកាក់ទៅដល់សិល្បករជើងចាស់ដែលជួបបញ្ហាជីវភាពខ្វះខាតផងដែរ ខណៈពេលថ្មីៗនេះលោក អ៊ឹម ជីវ៉ា​ត្រូវបានបុរសម្នាក់ចេញមុខធ្វើការរិះគន់រូបលោកពាក់ព័ន្ធនឹងបញ្ហាអវិជ្ជមានមួយចំនួន។

គណនីហ្វេសប៊ុកឈ្មោះ Son Sophy បានលើកឡើងថា «សុំរិះគន់ អ៉ឹម ជីវ៉ា បន្តិច! មិននិយាយគឺមិនបាន … ខ្ញុំក៏ជាអ្នកគាំទ្រ អ៉ឹម ជីវ៉ា ពីមុនហើយក៏បានស្គាល់ជីវ៉ាដែរ ! តែមួយរយៈក្រោយមកនេះឃើញថា ជីវ៉ា ហេតុតែចង់តោងការល្បីលើបណ្តាញសង្គមហ្វេសប៊ុក មិនខ្វល់អំពីផលប៉ះពាល់ដល់សង្គម។ ឃើញថាព័ត៍មានមួយចំនួនដែល ជីវ៉ា យកមកផ្សព្វផ្សាយនិង លើកតម្លៃជាតារានៅលើបណ្តាញសង្គមសុទ្ធតែជាបុគ្គលបំពុលសង្គម បុគ្គលអគតិ និង បុគ្គលបាតសង្គមជាដើម…។»

បុរសខាងលើក៏បានបន្ថែមថា «ខ្ញុំយល់ថាបើ ជីវ៉ា ចង់លើកតម្លៃដល់សង្គមជាតិ ក៏ដូចចង់បង្ហាញនូវ សិល្បៈ និងវប្បធម៌ជាតិឲ្យកាន់តែប្រសើជាងនេះ គួរតែលើកស្ទួយវិស័យវិចិត្រសិល្បៈ និង វប្បធម៌ល្អៗឲ្យមានស្តង់ដា មានការប្រកួតប្រជែងនៅលើវិស័យសិល្បៈ។ មិនមែនគ្រាន់តែល្បីឆ្កួតៗ ល្បីបំពុលសង្គម តាម TikTok មកឲ្យតម្លៃជា តារានោះទេ! បើយើងចេះតែបំផុសនិង ផ្សព្វផ្សាយព័ត៌មានឲ្យតម្លៃទៅលើបុគ្គលឆ្កួតៗ បែកៗ នៅលើបណ្តាញសង្គមបែបនេះ វាមិនខុសអ្វីនឹងបង្ហាញអំពីភាពអាម៉ាស់ដល់សង្គមជាតិយើងនោះទេ! យើងគួរតែបង្ហោះអ្វីដែលចំណេញដល់សង្គមជាតិយើង ដែលប្រទេសជាតិកំពុងស្ថិតក្នុងប្រទេសអភិវឌ្ឍ ។ ចូរនាំគ្នាឲ្យតម្លៃ លើកស្ទួយ វប្បធម៌ និង សង្គមជាតិយើងទាំងអស់គ្នា»៕