សិង្ហបុរី៖ រហូតមកដល់ពេលនេះ មានកុមារតូចៗ ចំនួន៣៦៧នាក់ នៅក្នុងប្រទេសសិង្ហបុរី បានឆ្លងជំងឺកូវីដ-១៩ ដោយរួមទាំងវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន១៧២នាក់​។​

​សារព័ត៌មានសិង្ហបុរី CNA  បានផ្សាយ កាលពីថ្ងៃទី១៤ ខែកញ្ញាថា កុមារ​ចំនួន ៣៦៧នាក់ នៅក្នុងប្រទេសសិង្ហបុរី បានឆ្លងជំងឺកូវីដ-១៩ ឬស្មើនឹង០,៦ភាគរយ នៃករណីឆ្លងសរុប នៅក្នុងប្រទេសនេះ។ ក្នុងចំណោមកុមារដែលឆ្លងកូវីដ-១៩ទាំងនោះ ក៏មានករណីវីរុសបំប្លែងខ្លួន Delta ចំនួន១៧២ករណីផងដែរ។

លោកវេជ្ជបណ្ឌិត Janil Puthucheary មន្រ្ដីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសុខាភិបាល បានថ្លែង នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី១៤ ខែកញ្ញាថា  ​ប្រទេសសិង្ហបុរី មានករណីឆ្ងងកូវីដ-១៩ លើកុមារ ចំនួន៣៦៧នាក់ ដោយរួមទាំងការឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន១៧២ករណី​។​​ ក្នុងចំណោមកុមារដែលឆ្លងជំងឺកូវីដ-១៩ទាំងអស់ សុទ្ធតែមានអាយុក្រោម១២ឆ្នាំ ឬស្មើនឹង០,៦ភាគរយ នៃករណីឆ្លងសរុប នៅក្នុងប្រទេស​។​

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងចំណោមកុមារ​ឆ្លងកូវីដទាំងនោះ រួមមាន​ ៥០ករណីកើតមានលើកុមារ មានអាយុ ចន្លោះពីតិចជាង១ឆ្នាំដល់​១ឆ្នាំ, ៨០ករណី មានអាយុចន្លោះពី ២-៤ឆ្នាំ, ៧៦ករណី មានអាយុចន្លោះពី៥-៦ឆ្នាំ និង១៥៨ករណី មានអាយុ ចន្លោះពី៧-១២ឆ្នាំ។​ ប៉ុន្ដែកុមារទាំង៣៦៧នាក់នោះ មិនមានអ្នកណាម្នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ រហូតដល់ត្រូវការជំនួយអុកស៊ីសែន (ឬ ICU Care) នោះទេ។​

លោក Ong Ye Kung រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសិង្ហបុរី បានថ្លែង នៅក្នុងសន្និសីទកិច្ចការអន្ដរក្រសួង ថា ការចាក់វ៉ាក់សាំង សម្រាប់កុមារ អាចនឹងចាប់ផ្ដើម នៅដើមឆ្នាំ២០២២ ក្រោយការសាកល្បង ត្រូវបានបញ្ចប់ និងមានការអនុម័តពីនិយតករ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កុមារមានអាយុក្រោម១២ឆ្នាំ នៅក្នុងប្រទេសសិង្ហបុរី នៅមិនទា​ន់ទទួលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩នៅឡើយ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា សិង្ហបុរី មានអ្នកឆ្លងកូវីដ-១៩ សរុប ៧៣ ១៣១នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥៨នាក់ និង មានអ្នកជាសះស្បើយ ៦៨ ៦០០នាក់។ ដោយឡែកអ្នកជំងឺ ចំនួន ៤ ៤៧៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕