រាជធានីភ្នំពេញ៖ មន្ត្រីក.ប.ប. បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំងផ្សេងទៀត ដែលមិនអនុលោម ទៅតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំងដែលមន្ត្រីជំនាញបាន ត្រួតពិនិត្យក្នុងខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្វាយរៀង និងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈមិនអនុលោមទាំង ១៦ទីតាំង មាន៣ទីតាំង ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ១ទីតាំងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ៣ទីតាំងនៅស្រុកបាគង ខេត្តសៀមរាប ៤ទីតាំងស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង និង៥ទីតាំងទៀតស្ថិតក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានរកឃើញភាពមិនអនុលោម មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ទៅលើម្ចាស់ដេប៉ូដែលប្រព្រឹត្តិល្មើសនឹងច្បាប់​។

គួរបញ្ជាក់ដែលថា មួយរយៈចុងក្រោយនេះយើងបានសង្កេតឃើញអាជ្ញាធរតែងតែចាប់បាននៅករណីកេងប្រវ័ញ្ចខាងលើនេះ តែមហាជនតែងតែឆ្ងល់ ហើយចោទជាសំណួរថា​ ហេតុអ្វីក៏អាជ្ញាធរមិនព្រមបង្ហាញទីតាំង ឬក៏អត្តសញ្ញាណរបស់ម្ចាស់ដេប៉ូប្រេងឥន្ធនៈ ឲ្យពលរដ្ឋបានដឹងផង ខណៈមិនត្រឹមតែប៉ុណ្ណោះតែងតែមានការបិទបាំងរហូតដល់មុខមាត់ម្ចាស់ដេប៉ូទៀតផង ដែលធ្វើឲ្យពលរដ្ឋកាន់តែមានមន្ទិលសង្ស័យនៅក្នុងករណីនេះ ដោយជានិច្ចកាលចំពោះជនខិលខូចដែលហ៊ានប្រព្រឹត្តិទង្វើប្រាកចាកសីលធម៌បែបនេះ គួរតែត្រូវបានបង្ហាញជាសាធារណៈចៀសវាងដើម្បីកុំឲ្យពលរដ្ឋរងទុក្ខខាតលុយចំពោះការប្រើប្រាស់សេវាកម្មចាក់សាំងកេងប្រវ័ញ្ចបែបនេះ ៕