រាជធានីភ្នំពេញ៖ ភាគីនិយោជក (ថៅកែ) បានសុំឲ្យបន្ថយប្រាក់ខែកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលស្បែកជើងពី១៩២ដុល្លារ មកនៅត្រឹម១៨៣,៤ដុល្លារ (បន្ថយ៨,៦ដុល្លារ) សម្រាប់ឆ្នាំ២០២២។ ការស្នើសុំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការដំឡើងប្រាក់ខែជូនកម្មករនិយោជិត។

ការស្នើសុំរបស់ភាគីនិយោជក គឺផ្ទុយឆ្ងាយមែនទែនពីការស្នើសុំរបស់មេសហជីព ដែលតំណាងឲ្យកម្មករនិយោជិត។ មេសហជីព ស្នើឲ្យបន្ថែមប្រាក់ខែជូនកម្មករនិយោជិតពី១៩២ដុល្លារ ទៅ២១៤,២ដុល្លារ (បន្ថែម២២,២ដុល្លារ) ក្នុងឆ្នាំ២០២២។ ១៩២ដុល្លារ គឺជាប្រាក់ខែរបស់កម្មករនិយោជិត ក្នុងឆ្នាំ២០២១នេះ។

លោក អាត់ ធន់ មានប្រសាសន៍ថា និយោជក គួរតែដំឡើងប្រាក់ខែជូនកម្មករនិយោជិតឲ្យបានសមរម្យ ពីព្រោះថា ទីផ្សារនៅកម្ពុជាបច្ចុប្បន្ន ហាក់មានសភាពល្អឡើងវិញហើយ។ លោក មើលឃើញថា បើមិនដំឡើងប្រាក់ខែឲ្យបានសមរម្យទេ កម្មករនិយោជក នឹងជួបការលំបាកលើជីវភាពកាន់ខ្លាំង។

មេសហជីពរូបនេះ ដែលបានចូលរួមទាមទារឲ្យដំឡើងប្រាក់ខែជូនកម្មករនិយោជិតដែរនោះ បានថ្លែងក្នុងកិច្ចសម្ភាសថា៖«យ៉ាងហោចណាស់ ដំឡើងប្រាក់ខែជូនពួកគាត់ឲ្យបានសមរម្យជាងឆ្នាំមុនៗ»។

ការដំឡើងប្រាក់ខែជូនកម្មករនិយោជិតប៉ុន្មានដុល្លារ ឬត្រូវបន្ថយចុះនោះ មិនទាន់ចេញលទ្ធផលឡើយ។ ភាគទីទាំង៣ គឺតំណាងរដ្ឋាភិបាល តំណាងនិយោជក និងមេសហជីពតំណាងកម្មករនិយោជិត ត្រូវជួបពិភាក្សាគ្នា២ដង ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងសម្រេចរួមគ្នាពីបញ្ហាប្រាក់ខែកម្មករនិយោជិត ក្នុងឆ្នាំ២០២២។ នៅដើមខែកញ្ញានេះ ភាគីទាំង៣ ជួបពិភាក្សាគ្នាម្តងរួចមកហើយ។

កាលពីឆ្នាំ២០២០ ក៏ភាគីនិយោជក សុំឲ្យបន្ថយប្រាក់ខែកម្មករនិយោជិតដែរ គឺសុំឲ្យបន្ថយជាង១០ដុល្លារ។ តែប្រាក់ខែកម្មករនិយោជិត មិនត្រឹមបានកាត់បន្ថយតាមការស្នើសុំរបស់ភាគីនិយោជកនោះទេ។ កាលនោះ ប្រាក់ខែកម្មករនិយោជិត ត្រូវបានដំឡើង២ដុល្លារបន្ថែម គឺពី១៩០ដុល្លារ ក្នុងឆ្នាំ២០២០ ឡើងទៅ១៩២ដុល្លារ ក្នុងឆ្នាំ២០២១​ ៕