រាជធានីភ្នំពេញ ៖ នារីរូបស្រស់ពីរនាក់ បានបើករថយន្តស៊េរីទំនើបម៉ាក range rover ១គ្រឿង ក្នុងល្បឿនលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀង ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត toyota hillux vigo ពាក់ស្លាកលេខរដ្ឋ ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចមុខអនុវិទ្យាល័យជាស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត toyota hillux vigo មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 17-2-0432 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿនតិចៗ ព្រោះមានរថយន្តនៅពីខាងមុខច្រើន ខណ:នោះស្រាប់តែមាននារីរូបស្រស់ពីរនាក់បើករថយន្តស៊េរីទំនើបម៉ាកrange rover មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0768 ធ្វើដំណើរមកពីក្រោយជ្រុលទៅបុករថយន្ត vigo ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។ បន្ទាប់មកភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នា មួយសន្ធុះក្រោយមកខាងភាគីរថយន្តបង្កបានទំនាក់ទំនងទៅខាងសាច់ញាតិឲ្យចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការសម្រុះសម្រួលគ្នាជាបន្តទៀតជាមួយភាគីរងគ្រោះ បន្ទាប់មកក៏មានការចរចាត្រូវគ្នាចេញសំណង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចបើករថយន្តត្រឡប់ទៅផ្ទះរៀងៗខ្លួន៕