រដ្ឋធានីមូស្គូ៖ ក្រោយពេលមន្រ្ដីជំនិតមួយចំនួនឆ្លងកូវីដ-១៩នោះមក លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអនុវត្ដតាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ក ប៉ុន្ដែករណីនេះមិនប៉ះពាល់ដល់ការបំពេញកា​រងារ​របស់​លោកនោះឡើយ។​

លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានអះអាងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃអង្គារ (ទី១៤ ខែកញ្ញា ឆ្នាំ២០២១) ថា លោកត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែក (ធ្វើចត្ដាឡីស័ក) ក្រោយពេលមានការពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩មួយចំនួន។ មនុស្សម្នាក់ ក្នុងចំណោមពួកគេ បានចាក់វ៉ាក់សាំង២ដូសរួចរាល់ហើយ ប៉ុន្ដែមិនទាន់បានចាក់ដូសទី៣ ឬដូសជំរុញឲ្យបានទាន់ពេល។​

លោកប្រធានាធិបតី បានបញ្ជាក់ថា «ខ្ញុំត្រូវផ្អាកដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសតាជីគីស្ថាន ដោយសារមន្រ្ដីជំនិតរបស់ខ្ញុំមួយចំនួនធ្លាក់ខ្លួនឈឺ។ មន្រ្ដីជំនិតម្នាក់ ក្នុងចំណោមមន្រ្ដីជាច្រើននាក់ទៀត ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងខ្ញុំ គាត់បានឆ្លងចាក់វ៉ាក់សាំងរួចហើយ តែអង្គបដិបក្ខ (អង់ទីគ័រ) មិនដុះ ហើយគាត់ត្រូវចាក់សាជាថ្មី។ ប៉ុន្ដែករណីនេះ មានតិចតួចទេ ព្រោះខ្ញុំជឿថា គាត់បានធ្លាក់ខ្លួនឈឺ៣ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងឡើងវិញ ហើយខ្ញុំមានទំនាក់ទំនងជាមួយនឹងគាត់ អស់រយៈពេលជាច្រើនថ្ងៃ មុននឹងមានហេតុការណ៍បែបនេះកើតឡើង។​​

វិមានក្រឹមឡាំងរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍​ថា ដោយសារតែមានករណីឆ្លង COVID-19 ក្នុងចំណោមមន្រ្តីជំនិតបែបនេះ លោក ពូទីន ចាំបាច់ត្រូវអនុវត្តវិធានការចត្តាឡីស័ក មួយរយៈសិន។ ដូច្នេះហើយ លោក ពូទីន មិនអាចទៅបំពេញទស្សនកិច្ច នៅប្រទេសតាហ្ស៉ីគីស្ថាន តាមការគ្រោងទុកកនោះឡើយ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា រុស្ស៊ីរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៧ ៨៣៧នាក់ និង មានករណីស្លាប់ថ្មី ៧៨១នាក់។ រុស្ស៊ី មានអ្នកឆ្លងសរុប ជាង៧,​១៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៩៤ ២៤៩នាក់ និងមានអ្នកជាសះស្បើយ៦,៤១លាននាក់ ហើយអ្នកជំងឺ ចំនួន ៥៦៣ ៨០៣នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។ រុស្ស៊ី ឈរនៅលើលេខរៀងទី៥ នៃបណ្ដាប្រទេសមានអ្នកឆ្លងកូវីដច្រើនជាងគេ នៅលើពិភពលោក៕