ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនភ្លាមៗ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ បន្ទាប់ពីធ្វើសកម្មភាព បៀតបៀនកេរ្តិ៍ខ្មាស របស់ស្រ្តីដែលនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប ស្ថិតក្នុងស្រុកអូរជ្រៅ ជាមួយគ្នា។
មន្ត្រីក្រុមការងារឲ្យដឹងទៀតថា ជនសង្ស័យទី១- ឈ្មោះ សុខ វង្ស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាពលករត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបានយកមកដាក់នៅមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប កាលពីថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០២១ ដោយតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ។ នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ជននេះ បានលបចូលទៅលូករាវស្ទាបស្ត្រីម្នាក់ដែលកំពុងលង់លក់ក្នុងដំណេក ពេលធ្វើចត្តាឡីស័កជាមួយគ្នា ។ ពេលធ្វើសកម្មភាព ស្រ្តីរងគ្រោះស្រែកឆោឡោឡើង ហើយជនសង្ស័យត្រូវកម្លាំងចម្រុះឃាត់ខ្លួនភ្លាមៗ ។
ប្រភពបន្តថា ជនសង្ស័យទី២-ឈ្មោះ ណៃ ភី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅស្រុកម៉ាឡៃ ជាពលករត្រឡប់មកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបានបញ្ជូនមកដាក់នៅមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប បន្ទប់លេខ១៥ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។ ជននេះ លបលួចចូលទៅដេកឱបស្ត្រីម្នាក់ដែលកំពុងលង់លក់ក្នុងដំណេកនៅក្នុងបន្ទប់ធ្វើចត្តាឡីស័កជាមួយគ្នា រហូតធ្វើឱ្យនាងភ្ញាក់ឡើងក៏ស្រែកឆោឡោ និងត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនទាំងយប់ ។
ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕