បរទេស៖ ចាប់តាំងពីការផ្ទុះឡើង នៃរោគរាតត្បាត ពីជំងឺកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ នេះ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំងអស់ នៅលើពិភពលោក មិនអាចហោះហើរបាន ហើយធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នៅលើពិភពលោក ជំពាក់បំណុល សរុបកើនដល់៣៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក។​

បណ្ដាញទូរទស្សន៍  Bloomberg បានផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញាថា ការផ្ទុះឡើង នៃជំងឺកូវីដ-១៩នេះ បានធ្វើឲ្យ​វិស័យទេសចរណ៍គាំងស្ដូក ហើយក្រុមហ៊ុនអាកាសចរណ៍ ក៏ត្រូវផ្អាកឥដំណើរការរបស់ខ្លួនផងដែរ។ ឥទ្ធិពល នៃជំងឺកូវីដ-១៩នេះ បាន និង កំពុងតែធ្វើឲ្យ​បណ្តាក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិទាំងអស់ នៅលើពិភពលោក ជំពាក់បំណុល កើនដល់២៣ភាគរយ ដោយគិតចាប់តាំងពីដើមឆ្នាំ២០២០មក។ ប៉ុន្ដែចាប់តាំងពី​​ដើមឆ្នាំ២០២១មក បណ្តាក្រុមហ៊ុនអាកាសចរណ៍បានសម្រេចខ្ចីប្រាក់​ ចំនួន៦៣ពាន់លានដុល្លារបន្ថែមទៀត។

ប្រភពព័ត៌មានដដែល បានបន្ដថា បច្ចុប្បន្ន បណ្ដាក្រុមហ៊ុនអាកាសចរណ៍នានា នៅលើពិភពលោក កំពុងតែប្រឈមនឹងវិបត្ដិហិរញ្ញវត្ថុកាន់តែធ្ងន់ឡើងបន្ថែមទៀត។ ស្ថិតក្នុងសភាពបែបនេះ  ក៏មានបណ្ដាក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិជាច្រើន រួមមាន ក្រុមហ៊ុនអាកាសចរណ៍ EasyJet Plc , ក្រុមហ៊ុន Japan Airlines Co …ជាដើម​ បានប្រកាសពីគម្រោងបង្កើនទុនបន្ថែម​ ដើម្បីរក្សាការហោះហើរជាបន្តទៀត។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានខ្ចីប្រាក់បន្ថែម៤០០លានដុល្លារ និងបោះប័ណ្ណមូលបត្រ មានទឹកប្រាក់ ចំនួន​១,៧ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ក្រុមហ៊ុន ឲ្យឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ក៏បានសម្រេចចេញប័ណ្ណមូលបត្រ មានតម្លៃដល់ទៅ ២,៧ពាន់លានដុល្លារ សម្រាប់ធ្វើឲ្យក្រុមហ៊ុនបន្តដំណើរការទៅមុខបន្ដទៀត។ ចំណែកក្រុមហ៊ុនអាកាសចរណ៍របស់អូស្រ្ដាលី Qantas Airways ​បានប្រកាសលក់ប័ណ្ណមូលបត្រ សម្រាប់បន្តដំណើរការរបស់ក្រុមហ៊ុន​។

ជាមួយគ្នានេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ប្រកាស សម្រេចផ្ដល់ជំនួយ ជាទឹកប្រាក់ ចំនួន៤៨២ពាន់លានដុល្លារ សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទប់ស្កាត់ការរំសាយបុគ្គលិកចោល។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍នានារបស់សហរដ្ឋអាមេរិក បានរំសាយបុគ្គលិករបស់ខ្លួន សរុប​ជាង១សែននាក់​៕