រដ្ឋធានីកាប៊ូល៖ តាលីបង់ បានអះអាងថា ពួកគេបានរកឃើញលុយចំនួន៦លានដុល្លារ និង ​មាសយ៉ាងតិច១៥ដុំ នៅក្នុងផ្ទះរបស់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន​ លោក អាមរូលឡាហ៍ សាឡេហ៍។

បើតាមទីភ្នាក់ងារសារព័ត៌មានអាហ្វហ្គានីស្ថាន Khaama Press បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី១៣ ខែកញ្ញា ឆ្នាំ២០២១) ថា ពួកតាលីបង់ បានរកឃើញលុយសុទ្ធប្រហែល៦លានដុល្លារ និង មាសយ៉ាងតិច១៥ដុំ នៅក្នុងផ្ទះរបស់លោក អាមរូលឡាហ៍ សាឡេហ៍ (Amrullah Saleh) អតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលអះអាងខ្លួនឯងជាប្រធានាធិបតី នៃប្រទេសនេះ។​

ទីភ្នាក់ងារសារព័ត៌មានអាហ្វហ្គានីស្ថាន មួយនេះ បានចែករំលែងវីដេអូមួយ នៅតាមបណ្ដាសង្គម ដោយបង្ហាញពីកងជីវពលតាលីបង់ កំពុងបង្ហាញទ្រព្យសម្បត្ដិ ដែលបានរកឃើញ នៅក្នុងលំនៅឋានរបស់លោក សាឡេហ៍ (Saleh)។

បើតាមសារព័ត៌មាន Sputnik បានផ្សាយថា បើតាមប្រភពព័ត៌មាន បានប្រាប់ Sputnik ថា ចំនួនទ្រព្យសម្បត្ដិដ៏ច្រើនទាំងនោះ គឺស្ថិតនៅក្នុងផ្ទះរបស់អតីតអនុប្រធានាធិបតី នៃរដ្ឋាភិបាលរបស់លោក Ashraf Ghani ដែលត្រូវបានតាលីបង់ ផ្ដួលរំលំ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។​ ទោះជាយ៉ាងណា ទាំងលោក សាឡេហ៍ ក៏ដូចជា សមាជិកក្រុមចលនាតស៊ូ ប្រឆាំងនឹងតាលីបង់ នៅមិនទាន់បានឆ្លើយតប ចំពោះការអះអាងខាងលើនេះទេ។

តាលីបង់ ត្រូវបានតុលាការរុស្ស៊ី ចាត់ទុកជាអង្គការភេរវរ ហើយត្រូវបានហាមឃាត់ នៅក្នុងប្រទេសនេះ។  ជាមួយគ្នានេះដែរ  គណៈរដ្ឋមន្រ្ដីថ្មីរបស់តាលីបង់ ក៏ស្ថិតក្នុងបញ្ជីខ្មៅរបស់អង្គការសហរប្រជាជាតិ និង បញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក រួមមាន លោក Mullah Mohammad Hassan Akhund  នាយករដ្ឋមន្រ្ដីស្ដីទីតាលីបង់, លោក Sirajuddin Haqqani រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃស្ដីទីថ្មី ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកជាមេដឹកនាំក្រុមជីវពល ត្រូវបានស្គាល់ថា ជាបណ្ដាញភេរវករ Haggani ​នៅពីក្រោយ​ការវាយប្រហារសម្លាប់យ៉ាងរង្គាល នៅក្នុងសង្គ្រាម អស់រយៈពេល២ទសវត្សរ៍ នៅអាហ្វហ្គានីស្ថាន ដោយរួមទាំង​ការបំផ្ទុះគ្រាប់បែក លើរថយន្ដធំ នៅក្នុងទីក្រុងកាប៊ូល ​សម្លាប់មនុស្ស ជាង១៥០នាក់ កាលពីឆ្នាំ២០១៧​…ជាដើម៕