ភ្នំពេញ៖ Davitra Media គឺជាផលិតកម្មចម្រៀងថ្មីដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុត ចាប់តាំងពីថ្ងៃដំណើរការដំបូងមកម្ល៉េះ ហើយភាពជោគជ័យនេះគឺកើតឡើងដោយសារតែកិច្ចខំប្រឹងប្រែងពីសំណាក់ក្រុមការងារទាំងផ្នែក តារាចម្រៀង ផ្នែកនិពន្ធ និងផ្នែកបច្ចេកទេសទាំងអស់ចូលរួមផងដែរ ។ ហើយដើម្បីកាន់តែងាយស្រួលក្នុងការប្រើប្រាស់មធ្យោបាយបម្រើអារម្មណ៍ទស្សនិកជននាសម័យឌីជីថលនេះ Davitra Media ក៏បានបង្កើតទំព័រហ្វេសប៊ុក និងគណនីយូធូបផ្ទាល់ខ្លួនទៀតផង មិនតែប៉ុណ្ណោះក៏មានកម្មវិធីដំណើរការលើទូរស័ព្ទស្មាតហ្វូនផងដែរ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ជាមួយគ្នានេះដែរ ដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនមកលើ ទំព័រហ្វេសប៊ុក Davitra Media កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបកាលពីប៉ុន្មានថ្ងៃមុននេះមានជនអនាមឹកបានលួច (Hack) យកទៅកាន់កាប់ ។ ដូច្នេះផលិតកម្មមិនទទួលខុសត្រូវដាច់ខាត ប្រសិនបើមានការបង្ហោះសកម្មភាពមិនសមរម្យ ប្រាស់ចាកពីក្រមសិល្បៈ និងខុសច្បាប់សង្គម ជាដើម ។

យ៉ាងណាមិញបើទោះជា ទំព័រហ្វេសប៊ុក Davitra Media ត្រូវបានគ្រប់គ្រងដោយជនអនាមឹកយ៉ាងណាក៏ដោយ ក៏មិនបានប៉ះពាល់ដល់សង្វាក់ផលិតបទចម្រៀងរបស់ផលិតកម្មឡើយ ដោយប្រិយមិត្តអាចធ្វើការស្ដាប់បទចម្រៀងពីរោះៗ ក៏ដូចជាទស្សនា MV ដែលមានគុណភាពខ្ពស់ តាមរយៈ គណនីយូធូប Davitra Media និងកម្មវិធី «KTV Komsan» នៅលើទូរស័ព្ទដៃស្មាតហ្វូនរបស់លោកអ្នក ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្មវិធី «KTV Komsan» របស់ Davitra Media កំពុងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃនៅលើ App store ដោយឡែកនៅលើ Play Store អាចនឹងដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ ៕