រាជធានីភ្នំពេញ៖ កម្ពុជាទទួលបានចំណូលពីការប្រមូលពន្ធដារ ចំនួន ១ ៩០៩ លានដុល្លារ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២១។ ចំណូលនេះ បានធ្លាក់ចុះ ៧,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០ ។ នេះយោងបើតាមអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣កញ្ញា។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ថវិកាដែលប្រមូលបានចំនួន ១ ៩០៩ លានដុល្លារ នារយៈពេល៨ខែមកនេះ ស្មើជាង៨៥ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

ដោយឡែក នៅក្នុងខែសីហា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលថវិកាចូលជាតិ បាន១៩២លានដុល្លារ។ បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធ-អាករក្នុងរយៈពេល៨ខែមកនេះ ជាលទ្ធផលមួយដ៏ល្អប្រសើរ និងជាភាពជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ បើទោះបីកម្ពុជាស្ថិតក្នុងភាព អូសបន្លាយ នៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ​ ៕