ទីក្រុងតូក្យូ៖ ជប៉ុន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីការវាយប្រហារណាមួយ អាចនឹងកើតមានឡើង នៅក្នុងប្រទេសអាស៊ី-អាគ្នេយ៍ (អាស៊ាន) ចំនួន៦ ហើយរដ្ឋាភិបាលទីក្រុងតូក្យូ​ កំពុងតែជំរុញដល់ពលរដ្ឋរបស់ខ្លួន ​នៅឲ្យឆ្ងាយពីកន្លែងមានពិធីសាសនា និង កន្លែងប្រមូលផ្ដុំធំៗ។

សារព័ត៌មានចក្រភពអង់គ្លេស Independent  បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែកញ្ញា ថា ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មាន​ ពីការកើនឡើង នៃគ្រោះថ្នាក់នានា ដូចជា ការបំផ្ទុះគ្រាប់បែកអត្ដឃាត នៅក្នុងប្រទេសចំនួន៦ នៃតំបន់អាស៊ាន។ ជាមួយគ្នានេះ ក្រសួងការបរទេសជប៉ុន កំពុងតែជំរុញឲ្យពលរដ្ឋរបស់ខ្លួន ត្រូវនៅឲ្យឆ្ងាយ ពីកន្លែង​មានការរៀបចំពិធីសាសនាធំៗ។​​​

​ក្រសួងការបរទេសជប៉ុន បានបន្ដថា ​ ការព្រមាននេះ បានដកស្រង់របាយការណ៍ចារកម្មមួយ បានរាយការណ៍មកថា ​ការវាយប្រហារអត្ដឃាត អាចនឹងកើតមានឡើង នៅ​​កន្លែង​ពិធីបូជាសាសនា និងកន្លែងជួបជុំធំ ៗ នៅក្នុងតំបន់។  ក្រសួងការបរទេសជប៉ុន បានផ្ញើសារព្រមាននេះទៅកាន់ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងមីយ៉ាន់ម៉ា។​​

ដោយឡែក រដ្ឋាភិបាលថៃ បានទាក់ទងទៅកាន់ស្ថានទូតជប៉ុន ប្រចាំប្រទេសរបស់ខ្លួន ដោយបានសាកសួរទៅមន្ត្រីទូតជប៉ុន សុំឱ្យ​ជួយពន្យល់ ជុំវិញការលើកឡើង អំពីការព្រមាន​​នេះ។ ប៉ុន្តែ​មន្រ្ដីស្ថានទូតជប៉ុន គ្រាន់តែ​ឆ្លើយថា នេះជាការណែនាំ មកពីក្រសួងការបរទេសជប៉ុន នៅក្នុងទីក្រុងតូក្យូ តាមរយៈការផ្ញើសារទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ។

លោក Tanee Sangrat អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យ ក្រសួងការបរទេសថៃ បានថ្លែងថា៖ «​ក្រសួងការបរទេសជប៉ុន មិនទាន់បានបង្ហាញ អំពីប្រភពដើម នៃការព្រមាននេះនៅ​ឡើយ។  ដោយឡែកស្ថានការណ៍ទាំងនេះ ក៏ជប៉ុន​មិនទាន់មានព័ត៌មានណាមួយ​ បញ្ជាក់ឲ្យបានច្បាស់​ដែរ។ ចំណែក ការព្រមានស្រដៀងគ្នានេះ ក៏ត្រូវបានផ្ញើ តាមអ៊ីមែល ទៅកាន់ពលរដ្ឋជប៉ុន នៅក្នុងឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី  និងមីយ៉ាន់ម៉ា៕