វៀតណាម៖ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលវៀតណាម បានប្រកាសទទួលចិញ្ចឹមបីបាច់កុមារដែលបាត់បង់ឪពុកម្តាយដោយសារជំងឺកូវីដ -១៩ក្នុងទីក្រុងហូជីមិញ នឹងទទួលបានការឧបត្ថម្ភប្រចាំខែ រួមទាំងអាហារូបករណ៍ និងលើកលែងការសិក្សា រហូតដល់ពួកគេមានអាយុ២២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress ។

មន្ត្រីក្រុងបានឲ្យដឹងថា កុមារកំព្រាអាយុក្រោម៤ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៩០០,០០០ ដុង (៣៩.៥០ ដុល្លារ) ក្នុងមួយខែ រហូតដល់ពួកគេឈានដល់អាយុ៥ឆ្នាំ។ កុមារដែលមានអាយុ៥ឆ្នាំឡើង នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៥៤ម៉ឺនដុង (២៣.៧២ ដុល្លារ)។

កុមារកំព្រា ក៏នឹងទទួលបានប័ណ្ណធានារ៉ាប់រងវេជ្ជសាស្រ្ត និងការលើកលែងការសិក្សារហូតដល់អាយុ១៦ឆ្នាំ ហើយនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមរហូតដល់ពួកគេមានអាយុ២២ឆ្នាំផងដែរ ប្រសិនបើពួកគេបន្តការសិក្សា។

បច្ចុប្បន្ននេះគ្រប់សង្កាត់ និងទីក្រុង Thu Duc បានផ្តល់ប្រាក់ឧបត្ថម្ភពី៣ ទៅ៤លានដុង សម្រាប់កុមារកំព្រាម្នាក់ៗ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនផងដែរ។ តំបន់ផ្សេងៗ​នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលរបស់ទីក្រុងហូជីមិញ បានអំពាវនាវឲ្យមានការឧបត្ថម្ភ ដើម្បីផ្តល់លទ្ធភាពឲ្យកុមារទទួលបានឧបករណ៍អេឡិចត្រូនិកសម្រាប់ការរៀនតាមអនឡាញ។ លោក Tan បាននិយាយថា ភ្នាក់ងារសង្គមជាច្រើន កំពុងបង្កើតកម្មវិធីដើម្បីផ្តល់អាហារូបករណ៍ដល់កុមារកំព្រា។

ទន្ទឹមនឹងនេះ កុមារដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ នឹងទទួលបានជំនួយទឹកប្រាក់១លានដុង, ៨០,០០០ដុង សម្រាប់អាហារប្រចាំថ្ងៃរបស់ពួកគេ ហើយថ្លៃមន្ទីរពេទ្យទាំងអស់ដែលទាក់ទងនឹងជំងឺរាតត្បាតនឹងត្រូវគេបង់ឲ្យ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បានកត់ត្រាកុមារជាង ១១,៨០០ នាក់ ឆ្លងជំងឺកូវីដ-១៩ គិតត្រឹមដើមខែកញ្ញា ដោយក្នុងនោះ មានជាង ៣,០០០ នាក់នៅទីក្រុងហូជីមិញ ៕