រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនមិនគួរអនុញ្ញាតឱ្យអ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចូល ក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬ ការរៀនតាមបណ្តុំឡើយ។
នៅក្នុងសេចក្ដីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចុះថ្ងៃទី១៣កញ្ញានេះ លោក បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាហើយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនពេលចូលគ្រឹះស្ថានសិក្សា។
លោករដ្ឋមន្ត្រីបន្តថា « អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩. មិនគួរអនុញ្ញាតឱ្យចូល ក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬ ការរៀនតាមបណ្តុំ ប៉ុន្តែត្រូវបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើន គួរអនុញ្ញាតឱ្យបង្រៀន និង រៀនតាមប្រព័ន្ធអនឡាញ»។ .
លោករដ្ឋមន្ត្រីបានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវរៀបចំផែនការធ្វើតេស្តរហ័សតាមបែបជម្រើសដោយចៃដន្យ ដែលមានលក្ខណៈជាវដ្ត និង សមស្របនឹងហានិភ័យស្ថាប័ន ឬ អង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើអ្នកសិក្សា និងបុគ្គលិកអប់រំ ចំនួនយ៉ាងតិច ៥% ទៅ ១០% នៃបុគ្គលិកអប់រំក្នុងស្ថាប័ន ឬ អង្គភាព(ដោយក្នុងសំណាកនីមួយៗ ត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅឋានក្នុងតំបន់ខុសៗគ្នា)។
លោករដ្ឋមន្ត្រីបានបន្តថា ផែនការនេះគួរធានាថា បុគ្គលិក អប់រំទាំងអស់ដែលមានវត្តមាននៅបរិវេណស្ថាប័ន ឬអង្គភាពទទួលបានការធ្វើតេស្តរហ័សជាប្រចាំ(យ៉ាងតិច១ដងក្នុងចន្លោះ ១ ទៅ២សប្ដាហ៍ កំណត់បុគ្គលិកដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកដែលមានការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកផ្សេងទៀតឬមនុស្សក្រៅស្ថាប័នឬអង្គភាពច្រើន រួចធ្វើតេស្តរហ័សឱ្យញឹកញាប់លើបុគ្គល ទាំងនោះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ប្រសិនបើមានករណីវិជ្ជមាន ឬមានការផ្ទុះជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីង-១៩។
ក្នុងករណីមានលទ្ធផលតស្ដរហ័សវិជ្ជមានលើបុគ្គល ដែលត្រូវបានចាត់ទុកថាជាបុគ្គលមានហានិ ភ័យ សា្ថប័ននោះត្រូវដាក់បុគ្គលនោះនៅដោយឡែកនិងស្នើឱ្យមានការធ្វើ តេស្តPCRបញ្ជាក់មុននឹងបញ្ជូនបុគ្គលនោះទៅព្យាបាលហើយ អាជ្ញាធរមានសមត្ថកិច្ច អាចផ្ដល់ការសម្របសម្រួលកិច្ចសហការនិងគាំទ្រ ទាំងធនធាន ឧបករណ៍សម្ភារនិងបច្ចេកទេស ។
លោករដ្ឋមន្ត្រីបានបន្តែមថា លើសពីនេះទៀតត្រូវបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សានិងរៀបចំបន្ទប់សុខភាពក្នុងគ្រឹះស្ថានសិក្សាដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ត្រូវវាស់ស្ទង់កម្ដៅអ្នកសិក្សា បុគ្គលិកអប់រំ និងអ្នកដទៃទៀតមុនអនុញ្ញាតឱ្យចូលបរិវេណគ្រឹះស្ថានសិក្សាហើយអ្នកសិក្សា និងបុគ្គលិកអប់រំត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ ដែលអាចបង្ការការឆ្លង រាតត្បាតនៃជំងឺកូវីដ-១៩ ហើយត្រូវទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវបន្ទាប់ពីការប្រើប្រាស់រួចនិងរៀបចំឱ្យមានគម្លាតសុវត្ថិភាពនៅគ្រប់ទីតាំងរៀនតាមបណ្ដុំ ក្នុងគ្រឹះស្ថានសិក្សា រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា ដោយកំណត់រូបភាព ជាការរៀនតាមបណ្តុំ ដែល មានចំនួនតិចជាង ១៥ នាក់ ។
ចំណែកសិស្សទាំងអស់ត្រូវមានទឹកស្អាតសម្រាប់ទទួលទានយ៉ាងតិច៥០០មីលីលីត្រ ក្នុងមួយវេនសិក្សា ដោយយកពីផ្ទះឬពីប្រភពផ្សេងទៀត។ ត្រូវមានបង្គន់អនាម័យដែលអាចប្រើប្រាស់បានយ៉ាងតិចមួយសម្រាប់សិស្សប្រុសនិងមួយ សិស្សស្រីក្នុងគ្រឹះស្ថានសិក្សា។
ក្រៅពីនេះអ្នកសិក្សា និងបុគ្គលិកអប់រំទាំងអស់ គួរយកចំណីអាហារ និងទឹកពីផ្ទះរៀងៗខ្លួនដើម្បីទទួលទាន នៅតាមគ្រឹះស្ថានសិក្សា និងមិនត្រូវចែកម្ហូបអាហារគ្នា អង្គុយជិតគ្នាពេលបរិភោគ ដើម្បីរក្សាកម្លាត សុវត្ថិភាព ផ្អាកការលក់ចំណីអាហារនៅខាងក្នុងនិងខាងក្រៅជាប់គ្រឹះស្ថានសិក្សា រហូតមានការណែនាំជាថ្មី។ ក្នុងករណីដែលមានការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលមានស្តង់ដារសុវត្ថិភាពខ្ពស់គ្រឹះស្ថានសិក្សាអាចពិចារណាអនុវត្តបានដោយមានការយល់ព្រមជាមុនពីអាជ្ញាធរអប់រំឬស្ថាប័នមានសមត្ថកិច្ច ៕