រដ្ឋធានីកាប៊ូល៖  រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា​ រវាងកងកម្លាំងតាលីបង់ និងក្រុមរណសិរ្សតស៊ូជាតិ ហៅកាត់ « NRF» នៅតែបន្ដ ហើយក្រុមតាលីបង់ បានសម្លាប់ជនស៊ីវិលយ៉ាង​ច្រើន នៅក្នុងតំបន់ដ៏រឹងមាំចុងក្រោយ នៃចលនាតស៊ូ​ខេត្តផេនសៀរ (Panjshir) ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

បើតាមសារព័ត៌មាន BBC បានផ្សាយ កាលពីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា BBC បានរកឃើញជនស៊ីវិល យ៉ាងតិច២០នាក់ ត្រូវបានគេសម្លាប់ នៅក្នុងជ្រលងភ្នំផេនសៀរ។ រីឯការប្រយុទ្ធគ្នា រវាងតាលីបង់ និងកម្លាំងចលនាតស៊ូ កំពុងតែ​បន្ដ។ ចំណែកប្រព័ន្ធទំនាក់ទំនងទៅកាន់ជ្រលងភ្នំផេនសៀរ ត្រូវបានកាត់ផ្ដាច់ ធ្វើឲ្យមានការលំបាក នៅក្នុងការរាយការណ៍។ ប៉ុន្ដែ BBC មានភ័ស្ដុតាង ចំពោះអំពើឃាតកម្មនានារបស់តាលីបង់ ថ្វីបើមានការធានាឲ្យមានការអត់ធ្មត់យ៉ាងណាក្ដី។​

សារព័ត៌មាន BBC​ បានបន្ដថា បើតាមឃ្លីបវីដេអូមួយ ចេញពីផ្លូវដែលមានដីហុយ នៅក្នុងតំបន់ជ្រលងភ្នំផេនសៀរ បង្ហាញពីបុរសម្នាក់ ស្លៀកពាក់ជាយោធា ត្រូវបានឡោមព័ទ្ធ ដោយក្រុមអ្នកប្រយុទ្ធតាលីបង់។ បន្ទាប់មក មានស្នូរកាំភ្លើង បានបំផ្ទុះឡើង ហើយឃើញបុរសនោះ​បានដួលទៅលើដី។​ ករណីនេះ គេ​មិនទាន់ច្បាស់ ថាតើបុរសដែលត្រូវតាលីបង់បាញ់សម្លាប់នោះ ​ជា​កងកម្លាំង​ចលនាតស៊ូ ឬយ៉ាងណានោះដែរ ព្រោះការស្លៀកពាក់ឯកសណ្ឋានយោធា​នៅតំបន់ជ្រលងភ្នំ ក្លាយជារឿងធម្មតាទៅហើយ។ ប៉ុន្ដែបើតាម​វីដេអូ ក៏មានអ្នកឈរមើលម្នាក់ បានអះអាងថា ជនរងគ្រោះជាជនស៊ីវិល។

សារព័ត៌មាន BBC បានផ្សាយទៀតថា យ៉ាងហោចណាស់ ក៏មានមនុស្សយ៉ាងតិច២០នាក់ នៅក្នុងតំបន់ជ្រលងភ្នំផេនសៀរ ត្រូវបានគេសម្លាប់។ បុរសម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងនោះ ​ជាម្ចាស់តូប ហើយបង្កើតឡើង ដោយ២នាក់ឪពុក បានដាក់ឈ្មោះ Abdul Sami។​

ប្រភពព័ត៌មានពីអ្នកស្រុក បានឲ្យដឹងថា បុរសម្នាក់នោះមិនបានរត់គេចខ្លួនឡើយ នៅពេលពួកតាលីបង់ចូលទៅ ហើយគាត់បានប្រាប់ពួកគេថា «ខ្ញុំជាម្ចាស់តូបក្រីក្រម្នាក់ និងមិនមានអ្វីពាក់ព័ន្ធនឹងសង្គ្រាមនេះដែរ»។ ប៉ុន្ដែ​តាលីបង់ចាប់ខ្លួនគាត់ ក្រោមការចោទប្រកាន់ ពីការលក់ស៊ីមកាតទៅឲ្យចលនាតស៊ូ។ ជាច្រើនថ្ងៃក្រោយមក សាកសពរបស់គាត់ ត្រូវបាន​គេយកមកបោះចោល នៅជិតផ្ទះរបស់គាត់។ ចំណែកនៅលើរាងកាយ នៃសាកសព ឃើញមានស្លាក​ស្នាម ជាសញ្ញាមួយអាចសន្និដ្ឋានថា ជនរងគ្រោះត្រូវបានតាលីបង់ វាយធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត។

តាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។ បច្ចុប្បន្ន តំបន់ជ្រលងផេនសៀរ ក្លាយជាមូលដ្ឋាន នៃចលនាតស៊ូចុងក្រោយ នៅអាហ្វហ្គានីស្ថាន ដឹកនាំដោយលោក Ahmad  Massoud  កូនប្រុសរបស់លោកមេបញ្ជាការ Ahmad Shah Massoud ដើម្បីធ្វើសកម្មភាព ប្រឆាំងនឹងតាលីបង់។

សូមជម្រាបថា ជ្រលងភ្នំ Panjshir ​ជាចំណុចស្នូលមួយ សម្រាប់ចលនាតស៊ូ នៅអាហ្វហ្គានីស្ថាន។ តំបន់នេះ កាលពីនៅក្រោមការដឹកនាំរបស់មេបញ្ជាការចលនាតស៊ូ​ លោក Ahmad Shah Massoud ធ្លាប់ធ្វើឲ្យកងទ័ពសហភាពសូវៀត បរាជ័យយ៉ាងអាម៉ាស់ នៅក្នុងអំឡុងទសវត្សរ៍១៩៨០ ហើយធ្លាប់វាយប្រយុទ្ធគ្នាជាមួយនឹងតាលីបង់ នៅក្នុងអំឡុងពេលពួកនេះកាន់កាប់អំណាច ចន្លោះពីឆ្នាំ១៩៩៦-២០០១។ កំពូលភ្នំផេនសៀរ ហ៊ុមព័ទ្ធជុំវិញ ដោយជ្រលងភ្នំ និងមានរបាំងការពារពីធម្មជាតិ ធ្វើឱ្យអ្នកឈ្លានពានចូលទៅកាន់តំបន់នោះ មានការលំ​បាកយ៉ាងខ្លាំង។ បច្ចុប្បន្ន កូនប្រុសរបស់លោកមេបញ្ជាការ Ahmad Shah Massoud គឺលោក Ahmad ​Massoud កំពុងតែដឹកនាំចលនាតស៊ូ NRF ប្រឆាំងនឹងតាលី​បង់ នៅតំបន់ជ្រលងភ្នំផេនសៀរនេះបន្ដទៀត៕