រដ្ឋធានីហាណូយ៖ គ្រោះធម្មជាតិធ្ងន់ធ្ងរ បង្កឡើងដោយព្យុះកំណាច Conson កំពុងតែវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសវៀតណាម  បណ្ដាលឲ្យខូចខាតផលដំណាំយ៉ាងច្រើន នៅតំបន់ភាគកណ្ដាល នៃប្រទេសអាស៊ានមួយនេះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

សារព័ត៌មានរ៉យទ័រ បានផ្សាយថា អាជ្ញាធរវៀតណាម កាលពីព្រឹក ថ្ងៃចន្ទ (ទី១៣ ខែកញ្ញា ឆ្នាំ២០២១) បានព្រមាន អំពីហានិភ័យ នៃគ្រោះទឹកជំនន់ និងការរអិលបាក់ដី។ គ្រោះកំណាចនេះ បានបង្កឡើងដោយព្យុះត្រូពិក «Conson»​ ដែលមានកម្លាំងនេះ។ ប៉ុន្ដែព្យុះកំណាចមួយនេះ បាន​ថយចុះវិញ ខណៈវាធ្វើដំណើរទៅដល់​ក្បែរឆ្នេរ នាភាគកណ្តាល ប្រទេសវៀតណាម កាលពីចុងសប្តាហ៍នេះ។

បើតាម​ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ​វៀតណាម បានបញ្ជាក់ថា ​ព្យុះកំណាច Conson នេះបានបង្កឲ្យមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង នៅក្នុងប្រទេសអាស៊ាននេះ។ ដោយឡែកគ្រោះមហន្ដរាយបង្កឡើងដោយព្យុះនេះ គឺ បានសម្លាប់មនុស្សម្នាក់ ​បំផ្លាញផ្ទះសម្បែង ចំនួន៣១ខ្នង និងជន់លិចផ្ទៃដីស្រូវ អស់ជាង ១ ០០០ហិកតា នៅភាគកណ្តាល ប្រទេសវៀតណាម។ ជាមួយគ្នានេះ អាជ្ញាធរវៀតណាម កាលពីសប្តាហ៍មុន បានត្រៀមកម្លាំងទ័ព ចំនួន ៥០០ ០០០នាក់ សម្រាប់ជម្លៀសប្រជាជន និងបានបញ្ជាឱ្យទូក-កប៉ាល់នានា បន្តស្ថិតនៅកំពង់ផែ ខណៈប្រទេសនេះ បានត្រៀមរួចជាស្រេចសម្រាប់ការមកដល់របស់ព្យុះ Conson។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណា បាន​បន្ថែមថា តំបន់រងគ្រោះ ចាប់ពីខេត្តក្វាងប៊ិញ (Quang Binh) រហូតដល់ខេត្តក្វាងង៉ៃ (Quang Ngai) និងខេត្តខុនទុម (Kon Tum) កំពុងប្រឈមនឹងរងការគំរាមកំហែង ពីគ្រោះ​បាក់ដី និងគ្រោះទឹកជំនន់៕​