រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក​ កំពុងតែត្រៀមរៀបចំ ចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ Pfizer ជូន​ដល់កុមារ ដែលមានអាយុ ចាប់ពី៥ឆ្នាំដល់១១ឆ្នាំ ​ហើយក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញនេះ ក៏កំពុងតែសាកល្បងលើកូនក្មេង មានអាយុ២ឆ្នាំបន្ដទៀត។

បើតាមបណ្ដាញទូរទស្សន៍ CBS News បាន​ផ្សាយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ថា លោកវេជ្ជបណ្ឌិត Scott Gottlieb​ អតីតប្រធានរដ្ឋបាលចំណីអាហារ និង ឱសថសហរដ្ឋអាមេរិក ហៅកាត់ FDA បានព្យាករថា FDA នឹងអនុញ្ញាតឲ្យចាក់វ៉ាកសាំងប្រឆាំងនឹងកូវីដរបស់ក្រុមហ៊ុន Pfizer ជូនដល់កុមារ មានអាយុ ចាប់ពី៥ឆ្នាំដល់១១ឆ្នាំ នៅចុងខែតុលា ឆ្នាំ២០២១នេះ។​

លោកវេជ្ជបណ្ឌិត Scott Gottlieb បច្ចុប្បន្ន​បម្រើការងារ ជាក្រុមប្រឹក្សានាយកក្រុមហ៊ុន Pfizer  បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ថ្លែងទៅកាន់ប្រជាជាតិថា  ក្រុមហ៊ុនឱសថ Pfizer កំពុង តែ​រំពឹងថា នឹងទទួលបានទិន្នន័យ អំពីវ៉ាក់សាំងរបស់ខ្លួន ចំពោះការចាក់ទៅលើកុមារតូចៗ នៅមុនដំណាច់ខែកញ្ញា នេះ។  បន្ទាប់មក ក្រុមហ៊ុន Pfizer នឹងដាក់ជូនទៅរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) ឲ្យបានលឿនបំផុត។ រីឯភ្នាក់ងារ FDA បាននិយាយថា FDA  នឹងមាន​ពេល​ជាច្រើនសប្តាហ៍ ឬជាង១ខែ មុននឹងកំណត់ ថាតើ FDA នឹងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដនេះ ចូលដល់​ក្មេង មានអាយុចន្លោះពី៥-១១ ឆ្នាំដែរឬយ៉ាងណា​។​

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Scott Gottlieb បានព្យាករថា វ៉ាក់សាំង Pfizer នេះ នឹងត្រូវអនុម័តយ៉ាងលឿន សម្រាប់ចាក់ជូនដល់កុមារ មានអាយុ ចន្លោះពី៥ឆ្នាំដល់១១ឆ្នាំ ក្នុងចុងខែតុលា ខាងមុខនេះ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Pfizer កំពុងតែបន្ដសាកល្បង លើរបបវ៉ាក់សាំង ចំនួន២ដូស ដល់កុមារ មានអាយុចាប់ពី២ឆ្នាំឡើងបន្ដទៀត៕​