ហាណូយ៖ តាមការចុះផ្សាយរបស់កាសែត Jazeera កាលពីថ្ងៃសៅរ៍ ទី១១​ ខែតុលា ជប៉ុន និងវៀតណាមបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលយោធាចិនដែលកំពុងកើនឡើង។ កិច្ចព្រមព្រៀងថ្មីមួយដែលអនុញ្ញាតឱ្យមានការនាំចេញបរិក្ខារយោធា និងបច្ចេកវិទ្យាការពារជាតិដែលផលិតដោយជប៉ុនទៅកាន់ទីក្រុងហាណូយ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានលើកឡើងថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ គឺជាការលើកកម្ពស់ភាពជាដៃគូការពារជាតិរវាងប្រទេសទាំងពីរ “ដល់កម្រិតថ្មីមួយ” ហើយជប៉ុន និងវៀតណាមមានគម្រោងពង្រឹងទំនាក់ទំនងការពារជាតិស៊ីជម្រៅ តាមរយៈការធ្វើសមយុទ្ធពហុជាតិសាសន៍ និងមធ្យោបាយផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា ព័ត៌មានលម្អិតអំពីការផ្ទេរបរិក្ខារយោធាជាក់លាក់ រួមទាំងនាវាចម្បាំងនឹងត្រូវរៀបចំនៅក្នុងកិច្ចពិភាក្សាជាបន្តបន្ទាប់។

កិច្ចប្រជុំរបស់លោក Nobuo Kishi ជាមួយសមភាគីវៀតណាមលោក Phan Van Giang នៅទីក្រុងហាណូយ ស្របពេលជាមួយដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសចិន Wang Yi។

អ្នកការទូតចិនរូបនេះបានបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់ដោយថ្លែងថាទីក្រុងប៉េកាំងមានគម្រោងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣លានដូស ដល់ប្រទេសវៀតណាម។ លោកក៏បានបញ្ជាក់ផងដែរថា ចិននិងវៀតណាមគួរតែចៀសវាងពីសកម្មភាពឯកតោភាគីណាមួយទាក់ទងនឹងសមុទ្រចិនខាងត្បូងដែលអាចធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងបន្ថែមការខ្វែងគំនិតគ្នា។

លោករដ្ឋមន្រ្តីជប៉ុន Kishi បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះ “ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ នដោយការបង្ខិតបង្ខំ ឬសកម្មភាពណាមួយដែលបង្កើនភាពតានតឹង” ។

ប្រទេសជប៉ុន និងចិនក៏កំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះដែនដីផងដែរ ដោយទីក្រុងតូក្យូតែងតែតវ៉ាប្រឆាំងវត្តមានរបស់ឆ្មាំសមុទ្រចិននៅសមុទ្រចិនខាងកើតក្បែរកោះ Senkaku គ្រប់គ្រងដោយជប៉ុន ដែលទីក្រុងប៉េកាំងទាមទារ និងហៅឈ្មោះថា Diaoyu ផងដែរ។ មន្រ្តីជប៉ុនប្រាប់ថា នាវាចិនតែងតែបំពានលើដែនទឹករបស់ជប៉ុននៅជុំវិញកោះ ដែលពេលខ្លះគំរាមកំហែងដល់ទូកនេសាទ។

វៀតណាមគឺជាប្រទេសទី ១១ ដែលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរបរិក្ខារយោធា និងបច្ចេកវិទ្យា៕