រាជធានីភ្នំពេញ៖ ជំនួសឲ្យលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជួន សុវណ្ណ ដែលជាអនុប្រធាន បានសរសេរលិខិត៥ច្បាប់ដាច់ដោយឡែកពីគ្នា ជូនទៅរដ្ឋមន្រ្តី៥រូប ដើម្បីស្នើឲ្យចូលរួមផ្សព្វផ្សារសារស្តីពីការទប់ស្កាត់បទល្មើសគ្រឿងញៀន ក្នុងឱកាសពិធិបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្រ្តីទាំង៥ ដែលទទួលបានលិខិតស្នើសុំពីលោក ជួន សុវណ្ណ គឺអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងសាសនា និង លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍។

ទៅកាន់លោក ខៀវ កាញារីទ្ធ៖«ខ្ញុំ គោរពស្នើសុំឯកឧត្តមរដ្ឋមន្រ្តី មេត្តាពិនិត្យ និងជួយអន្តរាគមន៍ទៅគ្រប់មន្ទីរព័ត៌មានរាជធានី-ខេត្ត និងគ្រប់វិទ្យុ ទូរទស្សន៍ ទូរទស្សរ៍ខ្សែរកាប និង ម្ចាស់ AppNews ជួយផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់បងប្អូនប្រជាពលរដ្ឋយើង តាមរយៈការផ្ញើសារជាសំឡេង រូបភាព និង អក្សរ…»។

ទៅកាន់អ្នកស្រី ភឿង សកុណា៖«ខ្ញុំបាទ ស្នើសុំលោកជំទាវរដ្ឋមន្រ្តី មេត្តាពិនិត្យ និងជួយអន្តរាគមន៍ ទៅគ្រប់ម្ចាស់ផលិតកម្មចម្រៀង-ភាពយន្ត ឲ្យជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋយើង តាមរយៈការផលិតជាបទចម្រៀង ឃ្លីបអប់រំខ្លីៗ និងផ្ញើសារជាសំឡេង អក្សរ ផ្សាយតាមទំព័រហ្វេសប៊ុក និង ផលិតផលរបស់ខ្លួន…»។

ទៅកាន់លោក ស៊ុន ចាន់ថុល៖«ខ្ញុំ ស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាពិនិត្យ និងជួយអន្តរាគមន៍ដាក់សារអប់រំប្រឆាំងគ្រឿងញៀននៅលើរថយន្តដឹកអ្នកដំណើរទាំងអស់…»។

ទៅកាន់លោក ជា វ៉ាន់ដេត៖«ខ្ញុំ ស្នើសុំឯកឧត្តមរដ្ឋមន្រ្តី មេត្តាពិនិត្យ និងជួយអន្តរាគមន៍ទៅគ្រប់ក្រុមហ៊ុនទូរស័ព្ទទាំងអស់ ជួយផ្ញើសារអប់រំពីបញ្ហាគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋយើង…»។

ទៅកាន់លោក ឈិត សុខុន៖«ខ្ញុំ ស្នើសុំឯកឧត្តមរដ្ឋមន្រ្តី មេត្តាពិនិត្យ និងជួយអន្តរាគមន៍ទៅគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ដើម្បីអន្តរាគមន៍ទៅគ្រប់វត្តអារាមទាំងអស់ ឲ្យយកចិត្តទុកដាក់បញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋយើង តាមរយៈធម្មទេសនា ការដាក់តាំងបដា ពាក្យស្លោក និងតាមរយៈលោកតាអាចារ្យ…»។

លោក ជួន សុវណ្ណ ជម្រាបទៅរដ្ឋមន្រ្តីទាំង៥រូបថា ការស្នើឲ្យជួយផ្សព្វផ្សាយសារផ្សេងៗនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន ហើយចូលរួមកាន់តែសកម្ម ក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និង សហគមន៍ កុំឲ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ រដ្ឋមន្រ្តីទាំង៥រូបខាងលើនេះ សុទ្ធតែជាសមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

តាមរយៈសារលិខិតអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីខែមិថុនា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរម្លឹកគ្រប់ស្ថាប័នពាក់ព័ន្ធរដ្ឋ ឲ្យបន្តពង្រឹងកិច្ចសហការប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនចូលមកកម្ពុជា។

រដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវពាក្យស្លោក ៣កុំ និង១រាយការណ៍ ដោយយល់ថា ជាមធ្យោបាយសំខាន់១ ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញឿន។ ៣កុំ គឺទី១ កុំពាក់ព័ន្ធនឹងគ្រឿងញៀន ទី២ កុំធ្វើអន្តរាគមន៍ការពារជនល្មើសគ្រឿងញៀន និងទី៣ កុំលើកលែងឲ្យជនល្មើសគ្រឿងញៀន។ ១រាយការណ៍ គឺគ្រប់ប្រជាពលរដ្ឋ ដែលបានដឹងពីបទល្មើសគ្រឿងញៀន ត្រូវរាយការណ៍ទៅសមត្ថកិច្ច៕