រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងចាស់វស្សា ម៉េង កែវពេជ្ជតា ថ្មីៗនេះបានផ្ទុះអារម្មណ៍មិនសប្បាយចិត្តសាជាថ្មីទៅលើអ្នកដែលយកបទចម្រៀងរបស់អ្នកនាងទៅច្រៀង ដោយមិនបានដាក់ប្រភពម្ចាស់ស្នាដៃដើមឱ្យបានច្បាស់លាស់ ដោយម្នាក់ក្នុងចំណោមនោះគឺមានឈ្មោះកញ្ញា បាន មុន្នីល័ក្ខ ម្នាក់ដែរ រហូតដល់អ្នកនាងប្រើពាក្យថា បាន មុន្នីល័ក្ខ ជា “ស្រីចរិតមិនកែ” តែម្ដង។

ដើមហេតុនៃដំណើររឿងផ្ដើមឡើងកាលពីថ្ងៃទី ០៩ ខែ កញ្ញា ដោយតារាចម្រៀង ម៉េង កែវពេជ្ជតា បានធ្វើការបង្ហោះខ្លឹមសារមិនសប្បាយចិត្តដោយមានភ្ជាប់ជាមួយឆានែលយូធូបមួយឈ្មោះថា Ban monyleak official ដោយមានរូបកញ្ញា បាន មុន្នីល័ក្ខ នៅលើក្របផងដែរនោះឱ្យដឹងថា៖  បទ​: ​ជំនោរដើមខែ​ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រើនរយពាន់បទរបស់​នាងខ្ញុំ ម៉េង​ កែវពេជ្ជតា​។ ថ្វីដ្បិតតែបទនេះមានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់​សាធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា​(​ ១៩៧៩-៨៩​ ) គឺលោកស្រី​ ម៉ម​ សុខា​ ប្រគំភ្លេងដោយក្រុមតន្ត្រី​វិទ្យុជាតិកម្ពុជាប៉ុន្តែចំពោះទំនុកច្រៀងចាស់​នោះ​ ពេជ្ជតា​បានកែសម្រួលជាថ្មីខ្លះដើម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា​គឺប្តូរពីបទចម្រៀងបែប​នយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ​ដោយកាលណោះ​ ពេជ្ជតា បានប្រើពេល​ប្រើគំនិត​ និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប​និងកាន់តែពេញនិយមសម្រាប់អ្នក​ស្តាប់​គ្រប់ស្រទាប់​ ។​ មិនតែប៉ុណ្ណោះ​នៅលើប្រព័ន្ធ​យូធូប​ ឃើញមានបងប្អូនយើងជាច្រើនមិនថាជាតារា​ ឬអ្នកធម្មតា​ រហូតដល់ខ្សែរាជវង្ស​ក៏ចាប់អារម្មណ៍ថត​បទចម្រៀងនេះឡើងវិញ​ដែរ ក្នុងម្នាក់​យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដើម​របស់ពេជ្ជតាទៅច្រៀងទៀតផង​។ អ្នកដែល​យកច្រៀងតាម​ ( Cover )​ ទាំងនោះក៏ទទួលបានការសរសើរពីហ្វ៊ែនៗ​របស់ពួកគេច្រើនគួរសម ។ មិនចម្លែកទេព្រោះបទនេះជាបទល្បីស្រាប់ហើយ​។ ប៉ុន្តែដែលចម្លែក​នៅត្រង់ថា​ លើ Subtitle ពេលបង្ហោះ​របស់ពួកគេ​ ក៏ដូចជានៅលើខមិនតបទៅអ្នកគាំទ្រ​ មិនដែលឃើញអ្នកច្រៀង​Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះហ៊ានប្រាប់គេថាបទនេះយកតាមលំនាំពេជ្ជតា​ឬដាក់​ Credit ឱ្យ​ម្ចាស់សំនៀងដើមទេ​ក្រៅពីប្រើពាក្យដដែលៗ​ថា​ មរតកដើម​ …”

ក្រោយពីបង្ហោះសារយ៉ាងវែងអន្លាយមិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះថា Ban monyleak Fan បានចេញមុខតបតនិយាយផ្លែផ្កាបកមកម៉េង កែវពេជ្ជតា វិញ ដោយបាននិយាយថា ពេជ្ជតា ក៏ធ្លាប់យកបទគេមកច្រៀង និងបានសរសេរវៃបកធ្ងន់ៗថា ម៉េវ កែវពេជ្ជតា ចាស់ហើយមិនព្រមទៅវត្តកាន់សិលជាដើម…។ ក្រោយការវ៉ៃបកបែបនេះ ម៉េង កែវពេជ្ជតា ​ទ្រាំនៅស្ងៀមមិនបានក៏ចេញមុខពន្លះជាថ្មីពេញដោយអារម្មណ៍ខឹងសម្បាថា៖ “ចរិតនាងមិនកែប្រែទេបងប្អូន​ មិនសុំទោសក៏ហីចុះ​ តែមើលសម្តីនាង​ ខាំញេញយ៉ាងគគ្លើនគួរឱ្យខ្នាញ់​តើនាង​សមជាតារា​គំរូឱ្យគេគោរពទេ​បងប្អូន​ ? តើនាងសមជាមនុស្សគំរូដល់មហាជនទេ​បងប្អូន​? ចូលមកខមិនតែពាក្យដដែលៗគ្រប់កន្លែង​តែម្ដងដូចគ្មានមេបាប្រដៅ ខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងនិយាយប្រាប់ខ្ញុំថា​ខមិននេះជារបស់​ Fan ប៉ុន្តែ​ បើជា​ Fan ក៏នាងដឹង​ ហេតុអីនាងបណ្តោយ​ ? បើនាងល្អនាងគួរតែហាម​មែនទេ​ ? ចុះបើនាងមិនហាម​ បានន័យថាម៉េច ខ្ញុំក៏មាន​ Fans​មិនតិចដែរ​ ប៉ុន្តែខ្ញុំមិនដែលឱ្យ​ Fan​ ធ្វើបែបនេះទេ​សូមបងប្អូនជួយពិចារណាតាមការគួរអំពីចរិតស្រីម្នាក់នេះផង”

ប៉ុន្តែ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនទាន់ឃើញកញ្ញា បាន មុន្នីល័ក្ខ ចេញមុខឆ្លើយតបយ៉ាងណានោះឡើយនៅក្នុងរឿងនេះ ហើយគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ក៏ស្ងាត់សកម្មភាពមិនឃើញមានចេញប្រតិកម្មតបតអ្វីដែរ។ ដូច្នេះ ជម្លោះអាចនឹងឈានដល់ម្រិតណានោះ មានតែរង់ចាំមើលទាំងអស់គ្នា៕