រាជធានីភ្នំពេញ ៖ លោកតាប៊ុយ ជាពិធីករក្នុងកម្មវិធី «ពេញចិត្ត ឬអត់?» ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ My TV បានប្រកាសជាផ្លូវការថា លោកបានសម្រេចចិត្តដើរចេញពីស្ថានីយ៍ទូរទស្សន៍ My TV ហើយ ក្រោយរស់នៅក្នុងទ្រនំនេះអស់រយៈពេល១៣ឆ្នាំ ក្រោមហេតុផលចង់សំរាកខួរក្បាល ដើរលេងឲ្យសប្បាយ និងឲ្យកាដូខ្លួន ព្រោះ ដាក់សំពាធលើខ្លួនឯងយូរពេកហើយ។លោកតាប៊ុយ បានបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា «នាថ្ងៃនេះខ្ញុំបានសម្រេចចិត្តចាកចេញពីMyTVហើយ បន្ទាប់ពីបានបម្រើការងារនៅទីនេះអស់រយៈពេលជិត១៣ឆ្នាំ សម្រាប់ការចាកចេញនេះ គឺខ្ញុំនិងMyTV មិនមានបញ្ហាអ្វីនឹងគ្នាទេ គឺគ្រាន់តែខ្ញុំមានអារម្មណ៍ថា ហត់នឿយ និងចង់អោយខ្លួនឯងមានសេរីភាពនឹងគេងលក់ស្រួលបានដូចគេ ខ្ញុំសូមនិយាយថា នាពេលកន្លងមកខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូង ដែលខ្ញុំឈានជើងចូលMyTV និងសូមអរគុណដល់MyTV ដែលយល់ព្រមតាមការសម្រេចចិត្តរបស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់studio ក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀត ចង់និយាយថា ហត់ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយសម្រួលការងារក៏ដោយ) នាពេលនេះ គឺចង់សម្រាកខួរក្បាល ដើរលេង និងអោយកាដូខ្លួនឯងម្តង ព្រោះដាក់សំពាធលើខ្លួនឯងជាយូរពេកហើយ។
វាហាក់បីដូចជាក្រៀមក្រំ ដែលត្រូវដើរចេញពីកន្លែង ដែលយើងធ្លាប់ហៅថា ជាផ្ទះទី២ តែសប្បាយចិត្តព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមានstress។ បើនិយាយពីទំនាក់ទំនងរវាងខ្ញុំនិង MyTV គឺច្រើនរហូតខ្ញុំនៅតែចងចាំ ព្រោះMyTV បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ១៨០ដឺក្រេ ពីសិស្សសាលាងាកមកធ្វើការងាររបៀបមនុស្សធំ និងបង្រៀនខ្ញុំពីចំណុចសូន្យរហូតមកខ្ញុំជាមនុស្សម្នាក់ ដែលបងប្អូនស្គាល់សព្វថ្ងៃ ក៏ដូចជាឪកាសមាសដល់ខ្ញុំ គឺការបញ្ជូនខ្ញុំទៅបណ្តាប្រទេសល្បីៗ ដើម្បីទទួលយកចំណេះដឹងថ្មី (I still say MyTV does invest a lot on me but this is my decision……. )»៕