បរទេស៖ ដូចដែលទស្សនិកជនបានជ្រាបស្រាប់ហើយថា គេហទំព័រ ក៏ដូចជាកម្មវិធី ហ្វេសប៊ុក បានក្លាយជាបណ្ដាញសង្គមយក្សដ៏មានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ន ដោយមានអ្នចុះឈ្មោះលេងរហូតដល់ខ្ទង់ពាន់លាន​នាក់ក្នុងមួយខែៗ ។ ព្រោះការគាំទ្រដ៏លើសលប់នេះ បានធ្វើឲ្យភាគហ៊ុនសរុបរបស់គេហទំព័រ ក៏ដូចជាកម្មវិធី ហ្វេសប៊ុកកើនឡើងរហូតដល់ ១៣៨ ពាន់លានដុល្លារ ។

ជុំវិញនឹងភាពជោគជ័យនេះដែរ គឺដោយសារការផ្ដួចផ្ដើម និងខិតខំប្រឹងប្រែងពីសំណាក់បុរសម្នាក់ ដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់នោះគឺលោក Mark Zuckerberg ដែលជាសហស្ថានិកធំជាងគេ ហើយក្រៅពីនេះក៏មានមនុស្ស ៤នាក់ផ្សេងទៀតគឺ លោក Eduardo Saverin លោក Andrew McCollum លោក Dustin Moskovitz និង លោក Chris Hughes ។​

និយាយដល់លោក Mark Zuckerberg ដែលជាអ្នកផ្ដើមគំនិតបង្កើតហ្វេសប៊ុកនេះឡើង បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ ដោយបានកើកនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២៩៨៤ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ គិតមកត្រឹមឆ្នាំ ២០២១ នេះ ទ្រព្យសម្បត្តិរបស់លោក មានរហូតដល់ ៩៧ពាន់លានដុល្លារ នេះមិនរាប់បញ្ចូលជាមួយភាគហ៊ុនចំនួន ១៣ភាគរយរបស់លោកនៅក្នុងក្រុមហ៊ុនហ្វេសប៊ុកផង ។ យ៉ាងណាក៏ដោយ​ បុរសឆ្នើម Mark Zuckerberg ពុំមែនជាបុគ្គលដែលលះបង់ទៅលើការសិក្សាប៉ុន្មានឡើយ​ ហើយថែមទាំងបានបោះបង់ការសិក្សានៅពាក់កណ្ដាលទីខណៈដែលគេសិក្សានៅសកលវិទ្យាល័យទៀតផង ។

Mark Zuckerberg កើតនៅក្នុងគ្រួសារមានជីវភាពល្អមួយ ដូច្នេះហើយតាំងពីដឹងក្ដីមកគេតែងតែចំណាយពេលច្រើនជាមួយកុំព្យូទ័រ ។​ហើយអាយុ ១២ឆ្នាំ គេបានបង្កើតកម្មវិធីផ្ញើសារមួយសម្រាប់សម្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងឪពុករបស់គេ ជាមួយគ្រូពេទ្យធ្មេញ ។

ដោយសារតែសញ្ញាដំបូងនេះទទួលបានជោគជ័យ ទើបឪពុករបស់ Mark Zuckerberg បានជួលគ្រូបង្រៀនផ្នែកកម្មវិធីដើម្បីបង្រៀនបំប៉នពេលគេមុនពេលចូលរៀនមហាវិទ្យាល័យ។

ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ Mark Zuckerberg ក៏បានចូលរៀននៅសកលវិទ្យាល័យ ហាវ៉ាត់ (Harvard University) ។ ក្នុងអំឡុងពេលរៀងនៅសកលវិទ្យាល័យនេះ Mark Zuckerberg បានក្លាយជាសិស្សពូកែ និងធ្វើឲ្យគ្រប់គ្នាក្នុងសាលាស្គាល់គេយ៉ាងច្បាស់ថា ជាអ្នកសរសេរកម្មវិធីដ៏រហ័សម្នាក់ ។ នៅឆ្នាំទី២​ នៃការសិក្សានៅសកលវិទ្យាល័យ ហាតវ៉ត Mark Zuckerberg បានសរសេរកម្មវិធីចំនួន២ គឺ CourseMatch និង FaceMash ហើយ​​ ១ក្នុងចំណោមកម្មវិធីទាំង២នេះ ទទួលបានការចាប់អារម្មណ៍ និងពេញនិយមយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាមិញ ខាងសាលាក៏បានបញ្ជាឲ្យបិទវាទៅវិញ ព្រោះចាត់ទុកថាជាកម្មវិធីមិនសមរម្យ ។

ដោយផ្អែកលើការអបអរសាទរពីសំណាក់សកលវិទ្យាល័យមកកាន់ខ្លួន នៅឆ្នាំសិក្សាដដែលនោះ Mark Zuckerberg ក៏បានចាប់ដៃគូជាមួយមិត្តភក្ដិ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងសង្គមមួយ ដែលអនុញ្ញាតឲ្យនិស្សិតហាវ៉ាដទាំងអស់អាច ភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាន ។ ហើយគេហទំព័រមួយនេះត្រូវបានផ្សាយជាផ្លូវការនៅខែមិថុនាឆ្នាំ ២០០៤ ក្រោមឈ្មោះថា “ហ្វេសប៊ុក” ។

ក្រោយពីបញ្ចប់ឆ្នាំទី២ ភ្លាម Mark Zuckerberg ក៏បានសម្រេចចិត្តឈប់រៀន ហើយយកពេលវេលាទាំងស្រុងធ្វើការជាមួយ ហ្វេសប៊ុក ហើយទីបំផុតវេបសាយមួយនេះ ឈានដល់មានអ្នកប្រើប្រាស់ ១លាននាក់ នៅចុងឆ្នាំ ២០០៤ ។

ការផ្ទុះឡើងនៃកំណើនអ្នកប្រើប្រាស់នេះបានទាក់ទាញការចាប់អារម្មណ៍ពីក្រុមហ៊ុនវិនិយោគទុនជាច្រើន ហើយទីបំផុត Zuckerberg បានផ្លាស់ទៅនៅ តំបន់ Silicon Valley រដ្ឋ កាលីហ្វ័រញ៉ា ក្នុងឆ្នាំ ២០០៥។ ហើយនៅទីនោះហ្វេសប៊ុកបានទទួលការវិនិយោគដើមទុនជុំដំបូងរបស់ខ្លួនពីក្រុមហ៊ុន Accel Partners ដែលបានវិនិយោគ ១២,៧ លានដុល្លារ ។

នៅចុងឆ្នាំ ២០០៥ ហ្វេសប៊ុក ក៏បានអនុញ្ញាតបើ់កឲ្យនិស្សិតសាលាដទៃចូលរួមលេង ដែលជាហេតុនាំឲ្យមានចំនួនអ្នកលេងរហូតដល់ ៥.៥ លាននាក់​ ។

គួរឲ្យដឹងថា នៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ ហ្វេសប៊ុក​ បានបង្ហាញពីប្រាក់ចំណេញប្រចាំត្រីមាសទី ១ សម្រាប់ឆ្នាំ ២០២១ ។ អ្នកប្រើប្រាស់សកម្មប្រចាំខែសរុបមានចំនួន ២,៨៥ ពាន់លាននាក់កើនឡើង ១០% បើធៀបកាលពីឆ្នាំមុន ។

គិតត្រឹមថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ ក្រុមហ៊ុនមានទីផ្សារមូលធនចំនួន ៩៣២ ពាន់លានដុល្លារ ខណៈដែលលោក Mark Zuckerberg មានភាគហ៊ុន ១៣ភាគរយ ស្មើនឹង ៣៧៥ លានដុល្លារ និងមានសិទ្ធសម្រេចក្នុងក្រុមហ៊ុនរហូតដល់ ៦៥ភាគរយ ៕