រាជធានីភ្នំពេញ ៖ ផ្លែសាវម៉ាវ ជាផ្លែឈើមួយប្រភេទដែលបងប្អូនប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននិយមទទួលទាន ដោយសារតែវាមានរសជាតិផ្អែម និងមិនពិបាកញ៉ាំនោះទេ។ ផ្លែសាវម៉ាវ ច្រើនមានពណ៌ក្រហម មានព្រុយដូចសក់នៅជុំវិញផ្លែទាំងមូល ខណៈសាច់របស់ផ្លែឈើនេះមានសារធាតុអាស៊ីតពិសេសដែលចាំបាច់សម្រាប់សុខភាព​ ចំណែកគ្រាប់របស់ វាច្រើន គេយកទៅចម្រាញ់យកជាតិប្រេងប្រើក្នុងឧស្សាហកម្មផ្សេងៗ។

១.ព្យាបាលជំងឺទឹកនោមផ្អែម៖ ផ្លែត្រូវបានប្រជាជនក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី យកមក ផ្សំជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺខ្លះៗមួយចំនួនទៀតរាប់រយឆ្នាំមក ហើយ។​
២. បង្កើនថាមពល៖ វាមានសារធាតុកាបូនអ៊ីដ្រាត ប្រូតេអ៊ីន និងសំបូរជាតិទឹក ច្រើន ជួយអោយ អ្នកលេងកីឡា ឫអ្នកបញ្ចេញថាមពលក្នុងការងារប្រចាំថ្ងៃ អោយមានកំលាំងឡើងវិញ។
៣. ស្រូបអាហារូបត្ថម្ភ៖ វីតាមីន សេ ដែលមានក្នុងផ្លែសាវម៉ាវដើរតួក្នុងការស្រូបយករ៉ែខនិជ ជាតិដែក និងសង្កសី ជួយការពាររាងកាយនិងស្បែកពីការខូចដោយជាតិរ៉ាឌីកាល់សេរី។
៤. កម្ចាត់សារធាតុរ៉ាឌីកាល់សេរី៖ សាវម៉ាវ មានសារធាតុអាស៊ីត​ហ្គាលីក ជាអាស៊ីតមួយ ប្រភេទមានតួនាទីជាអ្នកប្រមូលកាកសំណល់ បញ្ចេញពីរាងកាយ និងជួយការពារមិនអោយ ឈានទៅកើតជំងឺមហារីក។
៥. បង្កើនគ្រាប់កោសិកាឈាមក្រហមនិងស៖ ផ្លែសាវម៉ាវជួយរក្សាលំនឹង និងជម្រុញបង្កើន កោសិកាឈាមក្រហមផងនិងឈាមសផង ក្រៅពីនេះក៏មានផ្ទុកសារធាតុ ម៉ង់កាណែស (manganese) ជួយផលិតសារធាតុអង់ស៊ីមចិញ្ចឹមដល់រាងកាយ។​
៦. កម្ចាត់ជាតិពុលពីតម្រងនោម៖ ជាតិហ្វូស្វ័រក្នុងផ្លែសាវម៉ាវជួយកម្ចាត់កាកសំណល់ចេញពី តម្រងនោម ជួសជុលជាលិកា និងកោសិកា។ ក្រៅពីនេះវាក៏សំបូរដោយសារធាតុ កាល់ស្យូម ជួយពង្រឹងសុខភាពធ្មេញនិងឆ្អឹងផងដែរ។​
៧. សំបូរជាតិដែក៖ ជាតិដែកមានច្រើននៅក្នុងផ្លែឈើមួយនេះ។ វាជួយបង្កើនអុកហ្ស៊ីហ្សែន ដល់ឈាម និងជួយបំបាត់អាការៈវិលមុខ និងអស់កំលាំងបណ្តាលមកពីកង្វះគ្រាប់ឈាមក្រហម៕