បរទេស៖ ប៊ូតាន គឺជាប្រទេសព្រះរាជាណាចក្រតូចមួយដែលគ្របដណ្ដប់ដោយធម្មជាតិពណ៌បៃតងយ៉ាងក្រាស់ មានព្រំប្រទល់ជាប់ប្រទេសចិន ឥណ្ឌា ណេប៉ាល់ និងបង់ក្លាដេស។ ប្រជាជនប៊ូតានសរុបប្រមាណ ៧៥៤,៣៨៨ នាក់ ត្រូវបានគេរាប់ចូលជាប្រជាជនដែលរស់នៅប្រកបដោយសភមង្គល និងសុខសាន្តបំផុត ក្នុងចំណោមប្រទេសចំនួន ៦០ ។

និយាយដល់ប្រទេសប៊ូតាន ច្បាស់ជាមានមនុស្សជាច្រើន នឹកឃើញដល់ព្រះមហាក្សត្រ ជីកមេ ខេសា ណាមយេល វ៉ាងឈូក (Jigme Khesar Namgyel Wangchuck) និងព្រះមហាក្សត្រី ជេតសាន់ ភីម៉ា (Jetsun Pema) ដែលជាក្សត្រគ្រប់គ្រងប្រទេស ប៊ូតាន ចាប់តាំងពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្ន ។

ព្រះមហាក្សត្រ ជីកមេ ខេសា ណាមយេល វ៉ាងឈូក និងព្រះជាយារបស់ព្រះអង្គគឺ ព្រះមហាក្សត្រី ជេតសាន់ ភីម៉ា ត្រូវបានមហាជនទូទៅប្រៀបប្រដូចទៅនឹងគូស្នេហ៍នៅក្នុងរឿងព្រេងនិទាន ដោយសារតែ ព្រះអង្គ ជីកមេ ខេសា ណាមយេល វ៉ាងឈូក និង ព្រះមហាក្សត្រី ជេតសាន់ ភីម៉ា សុទ្ធតែមានរូបសម្បត្តិស្អាត សង្ហារ ស្រស់ផូផង់ ព្រមទាំងទទួលបានការគោរព ស្រឡាញ់ខ្លាំងបំផុតពីសំណាក់ប្រជាជនប៊ូតាន់ទាំងអស់លើផ្ទៃប្រទេស ។ អ្វីដែលពិសេសបំផុតនោះ ទោះជាប្រទេសប៊ូតាន នៅតែរក្សាប្រពៃណីទំលៀមទម្លាប់ តាំងតែពីបុរាណមកយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ ព្រះមហាក្សត្រ និង ព្រះមហាក្សត្រី ទាំងពីរអង្គខាងលើ ជាបុគ្គលដែលមានចំណេះដឹង កម្រិតវប្បធម៌ខ្ពស់ ដោយទទួលបានការបណ្ដុះបណ្ដាលចេញពីសហរដ្ឋអាមេរិក និងអង់គ្លេស ។

យោងតាមឯកសារប្រវត្តិរបស់ ព្រះមហាក្សត្រ ជីកមេ ខេសា ណាមយេល វ៉ាងឈូក បានបង្ហាញឲ្យឃើញថា ព្រះអង្គបានប្រសូតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៨០ ក្នុងរដ្ឋធានី ខាត់ម៉ានដុ (Kathmandu) ប្រទេសណេប៉ាល់។ ក្រោយពីព្រះអង្គបានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងប្រទេស នៅឆ្នាំ ១៩៩៨ ទ្រង់ក៏បានបន្តការសិក្សានៅសាលាបណ្ឌិត្យសភាហ្វីលីព ក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ហើយក្រោយមកក៏បានផ្លាស់ទៅរៀននៅ សាលាបណ្ឌិត្យសភា Cushing វិញ ។ ក្រោយពីបញ្ចប់ការសិក្សានៅទីនោះ ព្រះអង្គក៏បន្តថ្នាក់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យ Wheaton រដ្ឋម៉ាសាឈូសេត ហើយបន្ទាប់មកក៏ចាកចេញពីសហរដ្ឋមេរិក ទៅកាន់ប្រទេសអង់គ្លេសដើម្បីសិក្សាលើជំនាញ បដិសណ្ឋារកិច្ច និងទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យ Magdalen នៃសកលវិទ្យាល័យ Oxford ។

ក្រោយពីបញ្ចប់ការសិក្សាពីបរទេស ព្រះអង្គ ជីកមេ ខេសា ណាមយេល វ៉ាងឈូក ក៏បានត្រឡប់មកកាន់ប្រទេសកំណើត ហើយបានធ្វើដំណើរទៅកាន់ទីតាំងនានាទូទាំងប្រទេស ដើម្បីបង្កើតទំនាក់ទំនងឲ្យកាន់តែល្អជាមួយប្រជាជន។ ហើយដោយសារតែភាពវៃឆ្លាត និងពូកែយកចិត្តរាស្ត្រផងនោះ ទើបព្រះអង្គទទួលបានការគោរពស្រឡាញ់យ៉ាងងប់ងល់ពីមហាជនប្រុសស្រី ។ ទីបំផុតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០០៦ ខណៈដែលព្រះអង្គម្ចាស់ ជីកមេ ខេសា ណាមយេល វ៉ាងឈូក មានព្រះជនទើបតែ ២៦វស្សា ទ្រង់ក៏ត្រូវបានអភិសេកជាព្រះមហាក្សត្របន្តពីព្រះបិតារបស់ព្រះអង្គ ។

ឡើងសោយរាជ្យជាមហាក្សត្រប៊ូតាន បានរយៈពេល ៦ឆ្នាំ ពោលគឺនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១១ ព្រះមហាក្សត្រវ័យក្មេងអង្គនេះ បានធ្វើពិធីភ្ជាប់ពាក្យជាមួយ ព្រះមហាក្សត្រី ជេតសាន់ ភីម៉ា ដែលកាលនោះព្រះនាងមានព្រះជនត្រឹមតែ ២១ព្រះវស្សា និងកំពុងសិក្សានៅឡើយ ។

យោងតាមឯកសារខ្លះនិយាយថា ព្រះមហាក្សត្រី ជេតសាន់ ភីម៉ា គឺជាកូនស្រីរបស់គ្រួសារ ដែលមិនមានជាប់សែស្រឡាយរាជ្យវង្សឡើយ តែបើតាមបញ្ជីអេឡិចត្រនិចវីគីភីឌៀ បានបង្ហាញថា ព្រះនាងគឺជាកូនស្រីរបស់លោក ដូបឌូប ជីយ៉ាល់សេន ជាចៅជំនាន់ក្រោយនៃអភីបាលស្រុក ត្រេស៊ីហ្គាង ចំណែកម្ដាយព្រះនាងមានឈ្មោះ អ៊ុំសូណាំចូគី មកពីគ្រួសារបាំថាង ប៉ាង់តេ ដែលជាគ្រួសារអភិជនដ៏ចំណាស់នៅប្រទេសប៊ូតាន់ ។ គេដឹងថា ជីតាខាងម្ដាយរបស់ ព្រះមហាក្សត្រី ជេតសាន់ ភីម៉ា គឺជាបងប្រុសរបស់ព្រះមហាក្សត្រី ប៊ូតាន ជំនាន់មុន ។

នៅថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០១១ ពិធីរៀបអភិសេកក៏បានប្រារព្ធឡើងនៅទីក្រុង ពូណាសា ឌីសុង ជាលក្ខណៈប្រពៃណីប៊ូតាន់ ដោយមានការចូលរួមពីសំណាក់រាជ្យវង្ស ដើម្បីឲ្យពរជ័យ ។ យ៉ាងណាមិញ ពិធីរៀបអភិសេកនេះ ក៏បានរៀបចំឡើងជាលក្ខណៈសាធារណៈមួយផងដែរ ដោយមានការចូលរួមយ៉ាងច្រើនកុះកនៃប្រជាជនប៊ូតាន់ នៅទីក្រុង ធីមពូ និង ប៉ារ៉ូ ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នព្រះមហាក្សត្រ ជីកមេ ខេសា ណាមយេល វ៉ាងឈូក និងព្រះជាយារបស់ព្រះអង្គគឺ ព្រះមហាក្សត្រី ជេតសាន់ ភីម៉ា មានរាជ្យបុត្រាចំនួនពីរព្រះអង្គ ដែលបុត្រដំបូងប្រសូតនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៦ និងបុត្រាទីពីរប្រសូត្រនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ៕