ថៃ៖ នៅក្នុងប្រទេសថៃ គេដឹងថា ប្រជាជនស្ទើតែទាំងស្រុងតែងតែមានជំនឿទៅលើវិញ្ញាណខ្មោច ដែលវិញ្ញាណទាំងនោះមានដូចជា ខ្មោចនាងណាក ខ្មោចដើមចេកនាងថានី ខ្មោចរបាំនាងណាងលូម អាបក្រាស៊ូ និងអាបភីផប់ ។ល។

និយាយដល់អាប ប្រជាពលរដ្ឋថៃបានជឿថា អាបក្រាស៊ូ និងអាបភីផប់ ខុសគ្នាត្រង់ថា ក្រាស៊ូ គឺដក.ក ហោះហើររកចំណីពេលយប់ ចំណែកបភីផប់ ជាវិញ្ញាអាបសន្ធិតចូលក្នុងខ្លួនមនុស្សស្រី ហើយដើររកចំណីមិនមានដក.កឡើយ ។ ភីផប់ ជាវិញ្ញាណដ៏គួរឲ្យខ្លាចបំផុតព្រោះខ្មោចនេះស៊ីតែគ្រឿងក្នុងមនុស្ស សត្វ និងអាចធ្វើឲ្យមនុស្សកើតរោគរាតត្បាតថែមទៀតផង ។

កាលពីឆ្នាំ ២០១៧ រឿងរ៉ាវមិនគួរឲ្យជឿមួយមានប្រភពចេញពីខេត្តអំណាត់ចារើន ប្រទេសថៃ បានល្បីល្បាញរហូតដល់សារព័ត៌មាន BBC យកទៅចុះផ្សាយយ៉ាងដូច្នេះថា ភូមិមួយត្រូវបានអុកឡុកដោយវិញ្ញាណខ្មោចអាប ភីផប់ ដោយនាងបានសម្លាប់សត្វក្របីអស់ចំនួន ៤ក្បាល ព្រមទាំងធ្វើឲ្យប៉ូលិសព្រំដែនបួននាក់ទៀត ធ្លាក់ខ្លួនឈឺផងដែរ ។

កាសែត ខាវសុត ថៃដែលផ្សាយជាភាសាអង់គ្លេស បានសរសេរថា រយៈពេលជាច្រើនខែនាអំឡុងឆ្នាំ ២០១៧ ប្រជាជននៅក្នុងភូមិមួយនៃខេត្ត អំណាត់ចារើន មានការភ័យខ្លាចយ៉ាងខ្លាំងដោយជឿថា ក្នុងភូមិត្រូវបានអុកឡុកដោយវិញ្ញាណ ភីផប់ ហើយខ្មោចនេះបានសម្លាប់ក្របីក្នុងភូមិចំនួន ៤ក្បាល ព្រមទាំងធ្វើឲ្យប៉ូលិសនៅនៅប៉ុស្តិ៍ព្រំដែន ៤នាក់ធ្លាក់ខ្លួនឈឺ។ ដោយសារហេតុដូច្នេះហើយ ទើបអ្នកភូមិបានធ្វើលិខិតស្នើដល់លោក អាឌុល ឆាយប្រាស៊ីធីកូល ប្រធានប៉ុស្តិ៍នគរបាល ប៉ាធំ រ៉ាតឆាវង្សសា ដើម្បីដាក់គោលការណ៍បញ្ជូនកម្លាំងដើរល្បាតឲ្យកាន់តែច្រើនថែមទៀត។ ធ្វើដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋក្នុងភូមិមានការកក់ក្ដៅក្នុងចិត្ត និងប្រាកដថា វិញ្ញាណខ្មោច ភីផប់ លែងហ៊ានអុកឡុកក្នុងភូមិតទៅទៀត ។ លោក អាឌុល ឆាយប្រាស៊ីធីកូល បញ្ជាក់ថា មានអ្នកជឿ ច្រើនជាងអ្នកមិនជឿទៅលើករណីដូចដែលបានកើតឡើងនៅក្នុងភូមិមួយនេះ ថាជាទង្វើរបស់ ខ្មោច ភីផប់ ដូច្នេះហើយក្នុងនាមពួកលោកជាអ្នកការពារសុវត្ថិភាពប្រជាពលរដ្ឋ ក៏ត្រូវតែស្របទៅតាមការស្នើរសុំរបស់ពួកគេ តែមិនមែនមានន័យថាប៉ូលិសចេះចាប់ខ្មោចឡើយ ។

យោងតាមរឿងរ៉ាវទាក់ទងនឹងជំនឿវិញ្ញាណ ភីផប់ បានឲ្យដឹងថា វិញ្ញាណនេះមានអំណាចខ្លាំងអាចគ្រប់គ្រងមនុស្សបានដោយចូលសណ្ឋិតក្នុងខ្លួន ហើយអំណាចរបស់វាកាន់តែខ្លាំងប្រសិនបើបានស៊ីគ្រឿងក្នុងមនុស្សដែលដេកលង់លក់មិនដឹងខ្លួន។ វិញ្ញាណនេះ នឹងគ្រប់គ្រងលើមនុស្សណាម្នាក់ដែលវាចូលសណ្ឋិតរហូតដល់អស់អាយុ ហើយវានឹងរកអ្នកថ្មីដើម្បីបន្តវេន ។

នៅឆ្នាំ ២០០៧ បន្ទាប់ពីការស្លា.ប់ យ៉ាងអាថ៌កំបាំង និងភ្លាមៗរបស់អ្នកភូមិ ៤ នាក់នៅស្រុកសាមឆាយ ខេត្តកាឡាស៊ីន មានអ្នកស្រុកប្រហែល ១,០០០ នាក់ ដោយខ្លាចការស្លាប់នោះបណ្តាលមកពីវិញ្ញាណអាក្រក់ខាងលើ ក៏បាននាំគ្នារៃអង្គាសប្រាក់បាន ៣,៥០០០ បាត និងធ្វើពិធីបណ្ដេញមនុស្សស្រីពីរនាក់ចេញពីស្រុកដោយជឿថពួកគេជាអ្នកស្ដងវិញ្ញាណ ភីផប់ ។

នៅឆ្នាំ ២០១២ បុរស ១០ នាក់បានស្លា.ប់ ភ្លាមៗនៅទីក្រុងប៉ាក់សេ ខេត្តចំប៉ា ប្រទេសឡាវ ដោយករណីនេះ ប្រជាជនក៏ជឿថាបណ្តាលមកពីអំពើរបស់ វិញ្ញាណ ភីផប់ ផងដែរ ។

សូមបញ្ជាក់ថា វិញ្ញាណាដែលកំពុងស្ថិតនៅក្នុងជំនឿរបស់ពលរដ្ឋថៃមានរហូតទៅដល់ខ្ទង់ ៣០វិញ្ញាណឯនោះ ប៉ុន្តែមិនមែនវិញ្ញាណទាំងអស់សុទ្ធតែអាក្រក់ឡើយ ពោលក៏មានវិញ្ញាណស្រស់ស្អាត និងស្លូតបូតដែរ ៕

ប្រភព៖ BBC, khaosodenglish