រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ស្រ្ដីមានផ្ទៃពោះជាច្រើន នៅតែស្ទាក់ស្ទើរ និង ព្រួយបារម្ភ អំពីសុវត្ថិភាព ចំពោះការចាក់វ៉ាក់សាំងបង្ការកូវីដ ដោយសារមានការភ័យខ្លាច អំពីផលប៉ះពាល់ដល់ទារក នៅក្នុងផ្ទៃ ប៉ុន្ដែឥឡូវនេះស្ថាប័នជំនាញសុខាភិបាលរបស់សហរដ្ឋអាមេរិក បានបង្ហាញភស្ដុតាងជាច្រើន​ថា ស្រ្ដីមានផ្ទៃពោះ អាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បាន ដោយសុវត្ថិភាព។

សារព័ត៌មាន CNA  បានផ្សាយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ហៅកាត់ CDC បានបញ្ជាក់ កាលពីថ្ងៃទី១១ ខែសីហា ថា ស្រ្ដីមានផ្ទៃពោះ អាចទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បាន។ បើផ្អែកលើការវិភាគកាលពីពេលថ្មីៗនេះ រកឃើញថា វ៉ាក់សាំងបង្ការកូវីដ-១៩ មិនបង្កឲ្យគ្រោះថ្នាក់ដល់ការរលូតកូននោះឡើយ។​

ភ្នាក់ងារ CDC បានបញ្ជាក់ថា CDC បានវិភាគ ឬ​សិក្សា រកឃើញថា មិនមានការព្រួយបារម្ភ ពីសុវត្ថិភាព សម្រាប់ស្រ្ដីមានផ្ទៃពោះនោះឡើយ។​ អត្រារលូតកូន ក្រោយការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ក៏មិនមានឡើយ។ ដូច្នេះស្រ្ដីមានផ្ទៃពោះ អាចទទួលការចាក់វ៉ាក់សាំងណាមួយ ដែលរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ទទួលស្គាល់ ដូចជា  Pfizer, Moderna និង Johnson & Johnson ។

បើតាម CDC បានឲ្យដឹងថា ការមានផ្ទៃពោះ បង្កើនហានិភ័យធ្ងន់ធ្ងរ ពីជំងឺកូវីដ​-១៩ ហើយការកើតជំងឺ​-១៩ នៅក្នុងអំឡុងពេលមានផ្ទៃពោះ ក៏បង្កើនហានិភ័យ ពីការកើតមិនគ្រប់ខែផងដែរ។​ បច្ចុប្បន្ន CDC ​បានណែនាំដល់កុមារ ដែលមានអាយុ១២ឆ្នាំ និង អ្នកមានអាយុច្រើនជាងនេះ ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយរួមទាំងស្រ្ដីមានផ្ទៃពោះ ស្រ្ដីកំពុងបំបៅដោះកូន ស្រ្ដីដែលកំពុងព្យាយាមឲ្យមានផ្ទៃពោះ ឬស្រ្ដីអាចនឹងមានផ្ទៃពោះ នៅពេលអនាគត។​

CDC កាលពីមុន មិនបានណែនាំដល់ស្រ្ដីមានផ្ទៃពោះឲ្យទទួលការចាក់វ៉ាក់សាំងនោះទេ។ ប៉ុន្ដែ CDC គ្រាន់តែប្រាប់ថា ស្រ្ដីមានផ្ទៃពោះអាចពិភាក្សាការចាក់វ៉ាក់សាំងនេះជាមួយគ្រូពេទ្យរបស់ពួកគេ៕​