បរទេស៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Ichilov នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កំពុងធ្វើការលើថ្នាំស្រូបចូលដើម្បីព្យាបាលជំងឺកូវីដ -១៩ ដែលមានឈ្មោះថា EXO-CD24 ។ គោលដៅថ្នាំ ស្រូបនេះគឺសម្រាប់ព្យាបាលអ្នកជំងឺកូវីដ -១៩ កម្រិតមធ្យមនិងធ្ងន់ធ្ងរ។ ទោះបីជាវាស្ថិតក្នុងដំណាក់កាលពិសោធន៍ក៏ដោយតែថ្នាំព្យាបាលកូវីដ ១៩ នេះមានសក្តានុពលខ្លាំង។

យោងតាមកាសែត Times of Israel បានឲ្យដឹងថា ការសាកល្បងនេះក៏ត្រូវបានធ្វើឡើងនៅក្នុង ប្រទេសក្រិក លើអ្នកជំងឺចំនួន ១០ នាក់ ដែលមានជំងឺមធ្យមនិងធ្ងន់ធ្ងរ រួមទាំងបុរសអាយុ ៨៥ ឆ្នាំផងដែរ។ ក្នុងរយៈពេល ៥ ថ្ងៃនៃការព្យាបាលមនុស្ស ៩ នាក់ត្រូវបានធូរស្រាល។ ជាទូទៅអ្នកជំងឺកូវីដ -១៩ កម្រិតមធ្យមនិងធ្ងន់ធ្ងរ មានហានិភ័យខ្ពស់និងត្រូវការស្នាក់នៅមន្ទីរពេទ្យយូរ ហើយត្រូវដាក់បំពង់ខ្យល់ប្រចាំ។

យោងតាម សាស្រ្តាចារ្យ Nadir Arber ដែលជាអ្នកបង្កើតថ្នាំនេះបាននិយាយថា វេជ្ជបណ្ឌិតបានកត់ត្រានូវមតិយោបល់ល្អ ៗ ពីអ្នកជំងឺ ដែលបានព្យាបាលដោយ EXO-CD24 ។ លទ្ធផលនេះជាការលើកទឹកចិត្តនិងពង្រឹងក្តីសង្ឃឹមរបស់អ្នកជំនាញថា ថ្នាំនេះអាចផ្លាស់ប្តូរខ្សែកោងរោគរាតត្បាតបាន។ បន្ទាប់ពីនោះថ្នាំ EXO-CD24 បានបន្តធ្វើតេស្តជាមួយអ្នកជំងឺ ៣០ នាក់ ដែលមានជំងឺមធ្យមនិងធ្ងន់ធ្ងរ ផងដែរនៅក្នុងប្រទេសក្រិក។ ក្នុងរយៈពេល ៣-៥ ថ្ងៃមានមនុស្ស ២៩ នាក់បានជាសះស្បើយ។ ចំណែកការធ្វើតេស្តនៅអ៊ីស្រាអែលក៏បានបង្ហាញពីលទ្ធផលល្អផងដែរ។

កាសែត Times of Israel បានបន្តថា មានអ្នកស្ម័គ្រចិត្តព្យាបាលដោយប្រើ ថ្នាំស្រូបEXO-CD24 ជិត ៩០% ត្រូវបានធូរស្រាល ក្នុងរយៈពេល ៥ ថ្ងៃ បើទោះបីជាអ្នកខ្លះនៅតែត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។ ។

សាស្រ្តាចារ្យ Nadir Arber នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Ichilov ដែលបានបង្កើតថ្នាំនេះបាននិយាយ “ ការរកឃើញថា អ្នកជំងឺឆ្លើយតបទៅនឹងថ្នាំបានល្អ នេះគឺជាលទ្ធផលលើកទឹកចិត្តដែលបង្ហាញថា EXO-CD24 អាចជាថ្នាំដែលមានប្រសិទ្ធភាពខ្ពស់” ។

ប្រភព៖ VN
ប្រែសម្រួល៖ SPP