ត្បូងឃ្មុំៈ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ កំពុង​តាម​ចាប់ខ្លួន​ក្មេង​ទំនើង​ម្នាក់ ដែល​បាន​វាយ​គ្រូពេទ្យ​ម្នាក់​ ខណៈ​គ្រូពេទ្យ​រូបនោះ​កំពុង​បម្រើ​សេវា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​បឹងព្រួល ភូមិ​បាតដីក្រោម ឃុំ​បឹងព្រួល ស្រុក​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ២ សីហា។

លោក​ ហង្ស សេរីសំរិទ្ធី អាយុ ២៨ ឆ្នាំ​ជា​គ្រូពេទ្យ​ក្របខ័ណ្ឌ​មណ្ឌល​សុខភាព​ជីរោ១ ប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅ​ថ្ងៃទី ៤ សីហា ថា លោក​ត្រូវបាន​ប្រធាន​មណ្ឌល​ចាត់តាំង​ឱ្យចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​មណ្ឌល​សុខភាព​បឹងព្រួល ក្នុង​ឃុំ​បឹងព្រួល ស្រុក​ត្បូងឃ្មុំ។ នៅ​ថ្ងៃទី ២ សីហា​នោះ​មាន​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ប្រមាណ​ជាជាង ១០០ នាក់​មក​ទទួល​ការចាក់​វ៉ាក់សាំង។

លោក​ថា ពេលនោះ​ម៉ោង​ប្រហែល​ជាង ១០ ព្រឹក ថ្ងៃទី ២ សីហា ក្រុមការងារ​របស់លោក​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅសល់​តែ​ប្រមាណ​ជាង ២០ នាក់​ប៉ុណ្ណោះ​ក្នុង​នោះ​ក៏មាន​ជនដៃដល់​ឈ្មោះ​ លី ចាន់សូរី នៅក្នុង​នោះដែរ។ ប៉ុន្តែ​ក្រុមប្រឹក្សាឃុំ​បឹងព្រួល​ដែលជា​ខ្មែរ​អ៊ិស្លាម​បាន​ហៅ​គ្នា​គាត់​ប្រមាណ​ជា ៣០ ទៅ ៤០ នាក់ ដើម្បី​ចាក់​វ៉ាក់សាំង ខណៈ​ដែល​ពួកគេ​មិន​ទទួល​បាន​លេខរៀង​សម្រាប់​ចូល​ចាក់​វ៉ាក់សាំង​ផង​នោះ។

លោក​ សំរិទ្ធី ​បន្ថែមថា ក្នុងចំណោម​មនុស្ស​ដែល​មក​ក្រោយ​នោះ​ក៏មាន​ជនដៃដល់​ម្នាក់​ផងដែរ ហើយ​ដោយសារ​តែ​ជនដៃដល់​បាន​ចាក់​វ៉ាក់សាំង​រួច​ តែ​គ្មាន​លេខ​ទូរស័ព្ទ​ ដើម្បី​កត់ចូល​ក្នុង​បណ្ណ​ចាក់​ថ្នាំ លោក​ក៏​ឱ្យ​ជនដៃដល់​អង្គុយចាំ​សិន​ ដើម្បី​ចាក់ឱ្យ​អ្នក​ផ្សេងទៀត។ ពេលនោះ​ប្រមាណ​ជា ១០ នាទី​បន្ទាប់ពី​ជនដៃដល់​អង្គុយ​រង់ចាំ ស្រាប់តែ​មាន​រថយន្ត ១ គ្រឿង​ម៉ាក​ហាយឡែនឌ័រ បើក​មក​ចត​នៅក្បែរ​កន្លែង​ចាក់​វ៉ាក់សាំង។

រីឯ​ជនដៃដល់​បាន​ដើរទៅ​ជួប​បក្ខពួក​នៅក្នុង​រថយន្ត។ មួយសន្ទុះ​ស្រាប់តែ​ជនដៃដល់​ស្ទុះ​មក​វាយ​រូបលោក​តែម្តង។ លោក​អះអាង​ថា៖ «ខ្ញុំ​ស្រែក​ឱ្យគេ​ជួយ​ដែរ តែ​គ្មាន​អ្នក​ជួយ ខណៈ​មន្ត្រី​អាជ្ញាធរ​ឃុំ​ក៏​នៅ​ទីនោះ​ដែរ។ ជនដៃដល់​ថា​ពេទ្យ​អស្ចារ្យ​អី​ទៅ!»។

លោកគ្រូពេទ្យ​រៀបរាប់​បន្តថា ក្រោយពី​ជនដៃដល់​វាយ​លោក​ពកថ្ងាស​ហើយ ក៏​រត់ឡើង​ជិះ​រថយន្ត​ហាយឡែនឌ័រ​ដែល​ចត​រង់ចាំ​ចេញទៅ​បាត់ទៅ។ ចំណែក​លោក​បាន​ទៅ​រាយការណ៍ និង​ធ្វើ​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​បឹងព្រួល​ដើម្បី​ដាក់ជូន​សមត្ថកិច្ច​ចាត់ការ​រឿងនេះ។

លោក​ សំរិទ្ធី ​ថា៖ «ខ្ញុំ​មិន​ត្រូវការ​សំណង​អី​ទេ ធ្វើ​ម៉េច​ទទួល​បាន​យុត្តិធម៌ និង​កិត្តិយស​មកវិញ។ ជន​ម្នាក់នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ​ខ្លាំងណាស់»។

លោក​ ស៊ុន សុធា នាយប៉ុស្តិ៍​នគរបាល​ឃុំ​បឹងព្រួល​ប្រាប់​នៅ​ថ្ងៃទី ៤ សីហា ថា ករណីនេះ​លោក​បានទទួល​បញ្ជា​ពី​លោកស្នងការ​ខេត្ត​ត្បូងឃ្មុំ​រួចហើយ​ ហើយ​កំពុង​តាមរក​ជនដៃដល់ ព្រោះ​ជន​ម្នាក់នេះ​គេចខ្លួនបាត់​ហើយ។ លោក​បញ្ជាក់ថា៖ «ឥឡូវ​សមត្ថកិច្ច​កំពុងតែ​សហការ​ជាមួយ​ខេត្ត​កំពង់ចាម​ ដើម្បី​ចាប់​ជនដៃដល់» ៕