រាជធានីភ្នំពេញ ៖ ជាការពិតណាស់នៅក្នុងបណ្តាញសង្គមនៃការអនឡាញបច្ចុប្បន្នអ្នកលក់មួយចំនួនតែងតែរិះរកវិធីប្លែកៗធ្វើយ៉ាងណាឲ្យមហាជននាំគ្នាសម្រុកចូលមើលការ Live របស់ខ្លួន និយាយទាក់ទាញអតិថិជនឲ្យងាកមកចាប់អារម្មណ៍ជាផលិតផលដែលមាននៅក្នុងដៃ។

តួយ៉ាងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្ន អ្នកលក់មួយចំនួនបានប្រើប្រាស់ពាក្យពេចន៍អសីលធម៌ផ្សេងៗ ឬប្រើភាពស៊ីជាដើម ដើម្បីជាការទាក់ទាញចិត្តអតិថិជន ហើយវិធីនេះត្រូវអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនផ្សេងៗទៀតហាក់សម្តែងការមិនពេញចិត្ត និងចូលទៅរិះគន់ចំៗតែម្ដង។

យ៉ាងណាមិញនៅមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ទប់ចិត្តមិនបានជាមួយនឹងការ Live សរសេរ Captions របស់ អាជី ដែលបានសរសេរថា «ហែកមីតារាហ្នឹងម្តងកុំឲ្យវាខ្លាំង» ខណៈអ្នកនាង ចន ច័ន្ទលក្ខិណា បានចោទសំណួរសួរថា «បើចង់ Live ហែកតារាចាំបាច់អីលក់ផលិតផល? តារាណា? តារាអ្វី? Caption ទាក់ទាញ View ហើយលក់ផលិតផល មិនលេងសើចពេកទេឬអី?»។

ជាមួយនឹងការលើកឡើងរបស់ប្រធានសមាគមសិល្បៈខ្មែរខាងលើនេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួននាំគ្នាបញ្ចេញមតិផ្សេងៗគ្នាទៅតាមការយល់ឃើញរៀងខ្លួនផងដែរ៕