ក្នុងរាជរបស់ព្រះចៅ មង្គត ឬរាមាទី៤ ឆ្នាំ ១៨៥១ ដល់ ១៨៦៨ ព្រះអង្គជឿ និងគោរពងប់ងល់ខ្លាំងទៅលើបារមីព្រះសង្ឃមួយអង្គ ដែលមានព្រះនាមថា សម្ដេច ទោ ឬ សម្ដេច ទោ ប្រាម៉ារ៉ាមស៊ី ដោយសង្ឃអង្គនេះត្រូវបានប្រជាជនថៃទូទាំងប្រទេសជឿថា មានអំណាចបារមីខ្លាំងពូកែ ចេះសព្វមន្តអាគមគាថា បង្ក្រាបព្រាយបិសាច និងសត្វសាហាវ ផងទាំងពួង ជាដើម ។ ហើយដោយសារផ្ដត់គំនិតពលរដ្ឋថៃមានជំនឿខ្លាំងទៅលើសម្ដេច ទោ ទើបអ្នកនិពន្ធជនជាតិថៃបានលើកយកវត្តមានរបស់ព្រះអង្គទៅបញ្ចូលនៅក្នុងសាច់រឿងព្រេងនិទានដ៏ល្បីល្បាញគឺរឿង “ខ្មោចនាងណាក” ឬភាសាថៃហៅថា “ម៉ែណាក ប្រាកខាណង” ។

សម្ដេច ទោ ឬ សម្ដេច ទោ ប្រាម៉ារ៉ាមស៊ី បានប្រសូត្រនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៧៨៨ នៅខេត្ត ប្រាណាខន ស៊ី អាយុថាយ៉ា ក្នុងរជ្ជកាលរបស់ស្ដេចរាមាទី១ ។ ព្រះសង្ឃដែលល្បីល្បាញខាងមន្តអាគមវិជ្ជាការនេះផងដែរក៏ត្រូវបានបង្ហាញនាមនៅក្នុងបញ្ជីប្រវត្តិសាស្ត្រថៃដែថា ទ្រង់គឺជាបុត្រក្រៅច្បាប់របស់​ព្រះអង្គម្ចាស់ ប្រា ពុទ្ធថាឡោឡា ណាផាឡៃ ដែលជាក្សត្របន្តវេណពីព្រះបិតារបស់ព្រះអង្គ គឺព្រះចៅ រាមាទី១ ។

ឆ្នាំ ១៨០០ ពេលដែលចម្រើនវ័យបាន ១២ឆ្នាំ កុមា ទោ បានសម្រេចចិត្តថ្វាយខ្លួនបម្រើព្រះពុទ្ធសាសនា និងបានកោសក់បួសជាព្រះសង្ឃក្នុងឆ្នាំ ១៨០៧ នៅវត្ត ព្រះសេរ៉ាតាណាសាសាដារ៉ា ហៅវត្ត ប្រាកែវ នាទីក្រុងបាងកក ។ នៅទីនោះព្រះអង្គបានសិក្សាព្រះគម្ពីរពុទ្ធសាសនានៃភាសា Pāli Canon ជាមួយសង្ឃនាយកជាច្រើនអង្គ។ ព្រះតេជគុណត្រូវបានគេដឹងថាជាបុគ្គលមានបញ្ញាដ៏ឆ្លាតវៃ ឆាប់ចេះឆាប់ចាំ និងមានសន្ដានចិត្តសប្បុរសទៀងត្រង់ទៀតផង ។
ដោយសារតែចំណុចទាំងនេះហើ់យ ទើបចាប់តាំងពីរាជរបស់ព្រះចៅ​រាមា​ទី១ រហូតដល់រាជរបស់ព្រះចៅរាមាទី៤ ឬស្ដេច មង្គត សម្ដេច ទោ នៅតែរក្សាឈ្មោះជាសង្ឃដែលទទួលបានការគោរពខ្ពស់បំផុត ជាពិសេសគឺក្នុងរាជរបស់ស្ដេច មង្គត តែម្ដង ដោយសារតែស្ដេច មង្គត គឺជាអតីតសង្ឃសិស្សគុណរបស់សម្ដេច​ ទោ នេះឯង ។

មានរឿងតំណាលមួយថា សម្ដេច ទោ ក៏ធ្លាប់និមន្តមកកម្ពុជាដើម្បីសម្ដែធម៌ទេសនា តាមការនិមន្តរបស់ព្រះអង្គ ឌួង ម្ដងដែរ ។តែកាលនោះសម្ដេច ទោ បានបដិសេធមិនឲ្យមានអ្នកតាមហែរហមឡើយ ពោលគឺព្រះអង្គបានសម្រេចនិមន្តកាត់តាមព្រៃតែអង្គឯងប៉ុណ្ណោះ។ ក្នុងដំណើរនិមន្តអស់រយៈពេលយូរថ្ងៃ តាមព្រៃពីព្រំដែនថៃ មកកម្ពុជា គឺពោពេញទៅដោយឧបសគ្គ ជាពិសេសគឺសម្បូរដោយសត្វសាហាវគ្រោះថ្នាក់ខ្លាំងបំផុត ប៉ុន្តែសត្វទាំងនោះបានប្រែក្លាយទៅជាសត្វស្លូតបូត បានត្រឹមតែនៅនឹងមួយកន្លែង ពេលដែលព្រះអង្គនិមន្តកាត់ប៉ុនណោះ ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋថៃទូទាំងប្រទេសបាននាំគ្នាមានជំនឿយ៉ាងមុតមាំទៅលើបារមីរបស់សម្ដេច ទោ ដូច្នេះហើយ ក៏បានច្នៃជាបន្តោងឆ្លាក់រូបរបស់ព្រះអង្គ ដើម្បីពាក់លើក និងដាក់តាមរថយន្តជាដើម ។ ការធ្វើដូច្នេះពួកគេជឿថា បារមីសម្ដេច ទោ នឹងតាមថៃរក្សា ជួយនាំលាភសំណាង និងបណ្ដេញខ្មោចព្រាយបិសាចឲ្យឆ្ងាយពីខ្លួនទៀតផង ៕