រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយពីអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនមួយចំនួនមានការភ្ញាក់ផ្អើលជាមួយនឹងរូបថតប៉ុន្មានសន្លឹករបស់ខ្លួន និងបុរសម្នាក់ដែលអង្គុយនៅក្នុងឡាន ខណៈអ្នកនាង ហ្វីយ៉ាតា ថែមទាំងបានបន្ថែមសារមួយចំនួនយ៉ាងផ្អែមល្ហែមមួយចំនួនផងដែរ។

នៅក្នុងសារដ៏ផ្អែមល្ហែមនោះអ្នកនាង ហ្វីយ៉ាតា បានរៀបរាប់ថា «មិនមែនមានន័យថាគ្រប់ពេលដែលយើងត្រឡប់ទៅអានសៀវភៅចាស់វានឹងចប់ដដែលនោះទេ។ ព្រោះកាលពីមុនពេលខ្លះយើងអាចមើលរំលងទំព័រសៀវភៅណាមួយដែលមានអត្ថន័យសំខាន់ បើកន្លងមកខួរក្បាលយើងមិនអាចបំភ្លេចសៀវភៅមួយក្បាលនោះទេ គួរណាស់តែត្រឡប់ទៅអានម្ដងទៀត វាអាចធ្វើអោយយើងយល់ពីវាផ្សេងពីមុន ហើយចុងបញ្ចប់នៃទំព័រសៀវភៅក៏អាចខុសពីការដែលយើងយល់ពីមុនដូចគ្នា។ 🦋

នៅក្នុងកែវភ្នែករបស់ខ្ញុំគ្មាននរណាល្អនិងពូកែដូចអ្នកទេ មិនថាអ្នកធ្លាប់ខុសឬត្រូវកន្លងមកអ្នកតែងតែជាមនុស្សម្នាក់ដែលខ្ញុំគោរពស្រឡាញ់បំផុត ជាមនុស្សម្នាក់ដែលខ្ញុំអាចរត់ទៅអោបគ្រប់ពេលដែលខ្ញុំរងា ផ្ដល់ដង្ហើមឲ្យខ្ញុំនៅពេលដែលខ្ញុំក្ដៅ ជួយសម្រេចក្ដីស្រមៃរបស់ខ្ញុំ ទោះបីជាអ្នកធ្វើវាបានតិចឬច្រើន អ្នកគឺជាមនុស្សប្រុសតែម្នាក់ដែលទោះជាខ្ញុំទៅឆ្ងាយដល់ទីណាក៏ខ្ញុំមិនអាចបំភ្លេចអ្នកបាន គ្រប់សេចក្ដីសុខនិងភាពជោគជ័យរបស់អូនតែងតែមានបងនៅពីក្រោយ។ អរគុណដែលតាំងពីថ្ងៃទីមួយដែលបងចូលមកក្នុងជីវិតខ្ញុំមិនថាមានរឿងអ្វី បងមិនដែលដើរចេញទៅណាឆ្ងាយ. គ្រប់ពេលដែលខ្ញុំត្រូវការដៃកាន់ នឹងនរណាម្នាក់ជាកម្លាំងចិត្ត គឺតែងតែឮសំឡេងបង។»

ជាមួយគ្នានេះដែរអ្នកគាំទ្រហាក់មានការសង្ស័យថាបុរសដែលត្រូវបានអ្នកនាង ហ្វីយ៉ាតា លើកឡើង និងថតរូបក្នុងឡានជាមួយនោះអាចជាលោក ហេង ពិទូ ផងក៏មិនដឹង ខណៈគេនៅមិនទាន់ឃើញតារាប្រុសរូបនេះបានចេញមុខមកបកស្រាយ ឬបង្ហាញពីទំនាក់ទំនងណាមួយជាមួយនឹងអ្នក ហ្វីយ៉ាតា នៅឡើយ៕