ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះនៅតាមព្រំដែនកម្ពុជាថៃ បានឃាត់ខ្លួនស្ត្រីជនជាតិថៃ៣នាក់ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងពេលពួកគេព្យាយាមលួចឆ្លងដែនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូបានឱ្យដឹងថា សមត្ថកិច្ចចម្រុះដែលចូលរួមក្នុងប្រតិបត្តិការនេះ មានកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍បឹងសាគូ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធាកងពលលេខ៥១។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ បានបន្តថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់នេះ គឺធ្វើឡើងក្នុងពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់។

លោកថា យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្របសម្រួលក្នុងការរត់ផ្លូវ ខណៈពេលនេះមុខសញ្ញាមេខ្យល់ បានកំពុងរត់គេចខ្លួន។

ស្ត្រីជនជាតិថៃទាំងបីមានឈ្មោះ ដូចខាងក្រោម៖

១៖ ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ។
២៖ ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ។
៣៖ ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ដោយពួកគេទាំងបីនាក់នេះ ជាអ្នកស្រុករស់នៅខេត្តស្រះកែវ។

ក្រោយសួរនាំស្ត្រីជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕