ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី មានករណីនារីវ័យក្មេងម្នាក់ បានធ្វើសកម្មភាពលួចទឹកដោះគោ នៅចំណុចក្នុងផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ តែយ៉ាងណា ត្រូវម្ចាស់គេឃើញ ក៏ចាប់ខ្លួននារីសង្ស័យរូបនោះ ប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។

ជនរងគ្រោះឈ្មោះ ហែម ទេពតារា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារឡាក់គី មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែក នារីសង្ស័យឈ្មោះ យ៉ា ស្រីដា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ដកហូត ម្សៅទឹកដោះគោកូនក្មេងម៉ាកensure gold ចំនួន១កំប៉ុង (របស់ជនរងគ្រោះ)។ កាបូបស្ពាយពណ៍ខ្មៅ(របស់ជនសង្ស័យ)។ លុយខ្មែរចំនួនមួយម៉ឺនរៀល(របស់ជនសង្ស័យ) និងទូរសព្ទ័១គ្រឿងម៉ាក samsung (របស់ជនសង្ស័យ)។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបឡាក់គី ហើយបានបន្លំលួចម្សៅទឹកដោះគោកូនក្មេងម៉ាកensure gold ចំនួន១កំព៉ុង យកដាក់ក្នុងកាបូបស្ពាយពណ៍ខ្មៅ ហើយចេញមកក្រៅផ្សារវិញក៏ត្រូវសន្តិសុខនិងបុគ្គលិកចាប់ខ្លួនបានតែម្តង ។ក្រោយមកក៏ត្រូវបានសន្តិសុខផ្សារឡាក់គី និងបុគ្គលិកបញ្ជូនមកអធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យបានឆ្លើយសារភាពថា នាងពិតជាបានធ្វើសកម្មភាពលួចម្សៅទឹកដោះគោរបស់ផ្សារឡាក់គីបាន១កំប៉ុងពិតប្រាកដមែន ព្រោះដើម្បីយកទៅអោយលោកយាយគាត់ឈ្មោះពិត អាយុ៦៣ឆ្នាំ មានជំងឺហូបបាយមិនកើត ។ នារីសង្ស័យ បន្តសារភាពទៀតថា កន្លងមកនាងធ្លាប់បានធ្វើសកម្មភាពលួចម្សៅទឹកដោះគោនៅផ្សារឡាក់គីចំនួន២ដងរួចមកហើយ តែដោយសារគេអាណិត ក៏បានធ្វើកិច្ចសន្យាដោះលែងទៅវិញ។ លុះមកលួចលើកទី៣ ក៏ត្រូវគេចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។ នារីសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕