ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់បុគ្គលចំនួន២រូប ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្រ្គោះជាតិ ដោយសារបុគ្គលទាំងពីររូបនេះ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។

បុគ្គល២រូបដែលសម្តេចតេជោ ហ៊ុន សែន បដិសេធនោះមានរួមមាន៖ លោក ញឹម គឹមញ៉ុល និងលោក ជួង ជូងី។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ឲ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះ ដោយសារបុគ្គលទាំងពីររូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូល ដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។

ទី១៖ បុគ្គល ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចលក្នុងសង្គម ដោយបានដឹកនាំបញ្ជាផ្ទាល់សកម្មជនរបស់ អតីតគណបក្សសង្រ្គោះជាតិនៅក្នុងប្រទេសថៃ និងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់ខ្លួន ដើម្បីកៀរគរកម្លាំងត្រៀមចូលផែនការវិលត្រលប់ចូលរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធសកម្មភាពសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងបានកំពុងរៀបចំដំណើរការជំនុំជម្រះក្តីចំពោះជនត្រូវចោទឈ្មោះ ញឹម គឹមញ៉ុល ពីបទ «រួមគំនិតក្បត់»។

ទី២៖ បុគ្គល ជួង ជូងី បានធ្វើសកម្មភាពញុះញង់ក្នុងចេតនាទុច្ចរិត រារាំង និងបំពានសិទ្ធិនយោបាយរបស់ពលរដ្ឋ ដោយបានប្រើប្រាស់បណ្តាញសង្គម ប្រព្រឹត្តអំពើទុច្ចរិតបំពាននឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត នៅឆ្នាំ២០១៨។ សកម្មភាពេនះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់សំណើជូនទៅក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលនេះហើយ ករណីនេះកំពុងស្ថិតនៅក្នុងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។

សូមជំរាបថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិតេយ្យ, ទី២១៖ លោក ឡុង គឹមឃន, ទី២២៖ លោកស្រី យង់ ផាន់ណេត, ទី២៣៖ លោក ប៉ុល ហំម និងទី២៤៖ លោក ផាន់ ច័ន្ទសាក់៕