រាជធានីបាងកក៖ ព្រះមហាក្សត្រថៃ បានសព្វព្រះទ័យផ្ដល់ព្រះរាជទាននូវព្រះរាជទ្រព្យរបស់ទ្រង់ រហូតដល់២,៨ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹង៨៥ ០៤៩ ៤៤៣ដុល្លារ សម្រាប់​ចំណាយលើការព្យាបាលដល់អ្នកជំងឺកូវីដ-១៩។​

សារព័ត៌មានថៃ The Nation បានដកស្រង់សេចក្ដីប្រកាស​នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់រាជបណ្ឌិត្យសភា Chulabhorn កាលពីថ្ងៃសុក្រ (ទី២៣ ខែកក្កដា) ហើយយកមកចុះផ្សាយ នៅថ្ងៃដដែលនោះថា ព្រះមហាក្សត្រថៃ ​ Maha Vajiralongkorn បានផ្ដល់ព្រះរាជទ្រព្យផ្ទាល់ខ្លួនរបស់ទ្រង់ ចំនួន២,៨ពាន់លានបាត ឬស្មើនឹងជាង៨៥លានដុល្លារសហរដ្ឋអាមេរិក ដល់មន្ទីរពេទ្យ និងវិទ្យាស្ថាននានា សម្រាប់យកទៅព្យាបាលអ្នកជំងឺកូវីដ-១៩។​

ការប្រកាសរបស់ រាជបណ្ឌិត្យសភា Chulabhorn បានបញ្ជាក់ថា មន្ទីរពេទ្យចំនួន២៧  មហាវិទ្យាល័យវេជ្ជសាស្រ្ដ និងគ្លីនិក ពាសពេញប្រទេសថៃ នឹងទទួលបានព្រះរាជអំណោយរបស់ព្រះមហាក្សត្រ សរុប ២,៤ពាន់លានបាត ឬស្មើនឹង ៧២ ៨៩៩ ៥២៣ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញឧបករណ៍ពេទ្យ និងសម្ភារវេជ្ជេសាស្រ្ដផ្សេងៗទៀតផងដែរ៕