ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី មានករណីជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។

សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធដេញតាមចាប់ រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ០៤នាក់ និងរំដោះបានជនរងគ្រោះ ០១នាក់ ជាជនជាតិចិនដូចគ្នា ភេទប្រុស។

ជនរងគ្រោះឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរបើកកន្លែងផលិតទឹកបរិសុទ្ធ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ រីឯជនសង្ស័យទាំង ០៤នាក់ ៖ ទី ១-ឈ្មោះ LAI XING YONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៣-ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី៤-ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ដកហូត រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 ។ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕