រាជធានីភ្នំពេញ ៖ លោកស្រី ស សុម៉ាលី ភូថង បានឲ្យដឹងថា អតីតស្ដេចប្រដាល់គុនខ្មែរ លោកអេ ភូថងលោកអេភូថង បានធូរស្បើយច្រើនហើយ និងជិតដល់ថ្ងៃត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា អតីតស្ដេចប្រដាល់គុនខ្មែរ លោក អេ ភូថង បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈដែលលោកកំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ ។

កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ ជំងឺចាស់លោក អេ ភូថង បានរើសឡើងវិញ ហើយក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ ដោយសារមានជាតិអាស៊ីតឡើងខ្លាំង ខ្លាញ់រុំបេះដូងខ្លាំង និងសម្ពាធសរសៃឈាមបេះដូងថែមទៀត ព្រោះលោកធាត់ពេក។ ពេលនោះ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្ដសំណាក ដើម្បីរៀបចំឲ្យលោកសម្រាកព្យាបាលជំងឺ តែបែរជាទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ទើបក្រុមគ្រូពេទ្យក៏បានរៀបចំបញ្ជូនលោកមកសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយថ្ងៃទី១ លោកមានអាការរៀងធ្ងន់បន្ដិច ព្រោះជំងឺប្រចាំកាយ តែដោយមានការយកចិត្តទុកដាក់មើលថែ និងព្យាបាលពីសំណាក់ក្រុមគ្រួពេទ្យ នៅថ្ងៃបន្ដបន្ទាប់ លោក អេ ភូថង គឺបានធូរស្រាលច្រើន៕