ខេត្តកណ្តាល៖ ការដ្ឋានសំណង់កំពុងសាងសង់មួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ ២១ (ទួលក្រសាំង) ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលមានកម្មករសរុបចំនួន៨៩នាក់ អាជ្ញាធរ និងក្រុមគ្រូពេទ្យខេត្តកណ្តាល បានចុះទៅយកសំណាក ។ ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៩នាក់ បានបញ្ជូនទៅសម្រាក និងព្យាបាលនៅមណ្ឌលរួចហើយ។ ចំណែក បងប្អូនកម្មករកម្មការិនីដែលបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ ត្រូវបានអាជ្ញាធរសម្រេចដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងធ្វើសំណង់នេះផ្ទាល់តែម្ដង។

នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដដែលលោកគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធនៅ បានអញ្ជើញមកសាកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់បងប្អូនកម្មករ កម្មការិនីធ្វើសំណង់ចំនួន ២០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីធ្វើសំណង់ទាំង២០រូប សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ជាពិសេសឯកឧត្តមក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមជួបតែសេចក្តីសុខសប្បាយ សូមកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្ដីប្រចាំការ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កនេះ ឲ្យមានបរិស្ថានស្អាតល្អ ត្រូវផ្គត់ផ្គង់អាហារហូបចុក ហ្គាស និងទឹក ភ្លើងអគ្គិសនីប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ត្រូវដោះស្រាយនូវរាល់សំណូមពរដែលពួកគាត់បានស្នើសុំឲ្យបានឆាប់រហ័ស ហើយនៅពេលដែលពួកគាត់មានបញ្ហាសុខភាពគួឲ្យសង្ស័យ ត្រូវបញ្ជូនគ្រូពេទ្យជំនាញមកធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ។

សូមកញ្ជាក់ថា អំណោយដែលបានចែលជូនដល់កូនកម្មករកម្មការិនីសំណង់ក្នុងឱកាសនោះ គឺក្នុងម្នាក់ទទួលបាន អង្ករ ១៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ១យួរ ជេល១ដប់ ម៉ាស១ប្រអប់ ថវិការរបស់រដ្ឋបាលខេត្ត ៣ម៉ឺនរៀល និងថវិការបស់ម្ចាស់សំណង់ចំនួន៥ម៉ឺនរៀល សរុប៨ម៉ឺនរៀល៕