រាជធានីភ្នំពេញ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េនជ័រ មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកឃឿនផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យទ្រេតបង្គោលភ្លើង រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្នែកខាងលិច ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហ្វតរ៉េនជ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-5363 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកឃឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មពេញទំហឹង បណ្ដាលឲ្យទ្រេត ឯរថយន្តខ្ទេចផ្នែកខាងមុខផ្ទប់ជាប់ទៅមុខលែងរួច សំណាងល្អអ្នកបើកបរមិនមានរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។ ដោយ P19