សម្រាប់អ្នកកំពុងតែមានបញ្ហាមុខមុន មុខខ្មៅស្រអាប់មិនស្រស់ថ្លា មុខរោលក្រហម និងបញ្ហាមុខផ្សេងៗទៀត អញ្ចឹងបងប្អូនឈប់បារម្ភទៀតទៅ ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការកម្ចាត់រាល់បញ្ហាដែលបងប្អូនកំពុងជួប ក្នុងនោះយើងមាន៥វិធីរួមមាន៖

១.រក្សាមុខអ្នកឱ្យស្អាត
មួយថ្ងៃត្រូវលាងសម្អាតផ្ទៃមុខយ៉ាងតិចបំផុត២ដង។ ហាមដាច់ខាតលាងមុខបន្ទាន់ៗ និងញីញក់ស្បែកមុខខ្លាំងៗដែលបណ្ដាលឱ្យមុខឡើងរោល ឬក្រហមជាដើម។ ត្រូវប្រើផលិតលាងសម្អាតដែលគ្មានជាតិកាត់ ឬមានជាតិកាត់តិចតួចៗបំផុត ដើម្បីកុំឱ្យផ្ទៃមុខឆាប់ស្ដើង ងាយនឹងប្រតិកម្មជាមួយអាកាស និងផលិតផលផ្សេងៗ។

២.លាងមុខជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកត្រជាក់ធម្មតា
ប្រសិនបើផ្ទៃមុខសម្បូរខ្លាញ់ខ្លាំង គួរតែលាងសម្អាតជាមួយទឹកក្ដៅយ៉ាងតិច៣ដងក្នុងមួយសប្ដាហ៍ ពីព្រោះសារធាតុទឹកក្ដៅឧណ្ហៗ គឺមានតួនាទីជួយសម្អាតជាតិខ្លាញ់មិនល្អលើផ្ទៃមុខ ជួយសម្លាប់មេរោគនៅក្នុងរន្ធញើស ដី ធូលី បាក់តេរីដែលកកស្ទះបានល្អបំផុត។

៣.លាបឡេការពារកម្ដៅថ្ងៃនិង ឡេផ្ដល់សំណើម
បន្ទាប់ពីលាងសម្អាតរួច ឡេផ្ដល់សំណើមនឹងជួយបន្ទន់ស្បែកឱ្យស្រទន់ម៉ដ្ឋនិងភ្លឺរលោង។ ដោយឡែក ចំពោះឡេការពារកម្ដៅថ្ងៃ ទោះបីអ្នកមិនបានចេញក្រៅត្រូវពន្លឺថ្ងៃក៏ដោយ ក៏អ្នកត្រូវតែលាបដែរ ពីព្រោះឡេការពារកម្ដៅថ្ងៃ ដើរតួនាទីរារាំងការបំផ្លាញផ្ទៃមុខពីពន្លឺព្រះអាទិត្យ និងពន្លឺចេញពីកញ្ចក់ទូរសព្ទ ទូរទស្ស កុំព្យូរទ័រ ដែលងាយនឹងធ្វើឱ្យផ្ទៃមុខងាយនឹងជ្រីវជ្រួញ ស្ងួតជាដើម។

៤.ត្រូវធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ គឺមិនមែនជួយឱ្យរូបរាងអ្នកស្អាត ឬស្រកគីឡូតែប៉ុណ្ណឹងទេ ក៏ប៉ុន្តែវានឹងជួយឱ្យចរន្ដឈាមរត់ស្មើ ជួយបញ្ចេញជាតិញើស ជាតិពុលចេញពីស្បែក ធ្វើឱ្យស្បែកស្រស់ថ្លា និងស្បែកមានសុខភាពល្អ។

៥.ញ៉ាំអាហារឱ្យបានត្រឹមត្រូវ
ចង់បានស្បែកមុខ ស្បែកខ្លួនស្អាត អ្នកត្រូវញ៉ាំអាហារដែលសម្បូរវីតាមីនច្រើនមុខដូចជាបន្លែបៃតង បន្លែពណ៌លឿង ក្រហម ផ្លែឈើដូចជា ក្រូច ប៉ោម ក្រូចឆ្មា ក្រូចថ្លុង ត្របែក ឳឡឹក ត្រសក់ ផ្លែប័រ និងអាហារសម្បូរសារជាតិចិញ្ចឹមជាច្រើនដូចជា សាច់ត្រី សាច់គោ សាច់មាន់ ជាដើម។

បន្ទាប់ពីអានអត្ថបទនេះចប់ សូមបញ្ឈប់ទម្លាប់អាក្រក់ៗមួយចំនួនចោលដូចជា ញិកមុនខ្លួនឯង ខ្ជិលញ៉ាំទឹក មិនចូលចិត្តញ៉ាំបន្លែ តែចូលចិត្តគ្រឿងផ្អាប់ បើតែបន្តទម្លាប់ទាំងនេះ មួយជីវិតនេះគ្មានថ្ងៃមានមុខស្អាតដូចគេទេ៕