រាជធានីភ្នំពេញ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត មួយគ្រឿងបោះពួយលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកជញ្ជាំងរបងថ្ម បណ្តាលឲ្យរថយន្តខូចខាតស្ទើរទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២០១១ កែងនឹងផ្លូវ ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត camryមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-9199 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូងឆ្ពុះទៅទិសខាងកើត បើកបរក្នុងល្បឿនលឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបួងចង្កូតបត់មិនទាន់ជ្រុលទៅបុករថយន្តជញ្ជាំងពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលសែនសុខ រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕