រដ្ឋធានីណៃពិដោរ៖ ក្រោយពេលធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល ដែលកើតឡើង ដោយលទ្ធិប្រជាធិបតេយ្យ កំពុងតែរុញច្រានប្រទេសភូមា ឲ្យធ្លាក់ចូលក្នុងភាពវឹកវរនយោបាយកាន់តែខ្លាំង ហើយស្រ្ដីភូមាជាច្រើន បានរត់ភៀសខ្លួនចេញពីភូមិឋាន ហើយសម្រាលកូន នៅក្នុងព្រៃ ដោយសារការភ័យខ្លាចនឹងពួកយោធា។

សារព័ត៌មាន Aljazeera បានចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ថា ស្រ្ដីមានផ្ទៃពោះជនជាតិភូមាជាច្រើន កំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ ដោយការបង្ខំចិត្តសម្រាលកូន នៅក្នុងព្រៃ ខណៈរត់គេចខ្លួន ចេញពីលំនៅឋាន។ នៅយប់មួយ ស្ថិតក្នុងមិថុនា ឆ្នាំ២០២១ ខណៈព្យុះខ្លាំង មានស្រ្ដីម្នាក់ ឈ្មោះ Rosemary បានសម្រាលកូន នៅក្នុងផ្ទះទាំងភាពងងឹតសូន្យសុង នៅក្នុងភូមិដាច់ស្រយាល នាសង្កាត់ Mindat ប្រទេសភូមា។ រីឯគ្រូពេទ្យឆ្មប បានខំព្យាយាមជួយដល់នាង រហូតមានសុវត្ថិភាព។

ដោយឡែក ប្ដីរបស់អ្នកស្រី Rosemary មិនបាននៅមើលថែនាង ខណៈទើបនឹងសម្រាលកូនដោយសារការភ័យខ្លាចដល់អាយុជីវិត ប្រសិនបើពួកយោធាឃើញ នឹងទម្លាក់កំហុសដាក់គាត់ថា ជាសមាជិករបស់ក្រុមចលនាប្រដាប់អាវុធ ហើយអាចនឹងត្រូវចាប់ខ្លួន ឬបាញ់សម្លាប់ចោល។
ប្រទេសភូមាបានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយដ៏ធ្ងន់ធ្ងរ ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អោងឡាំង ដឹកនាំកម្លាំងយោធា ធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រីឯកម្លាំងការពារជនស៊ីវិល បានបំពាក់អាវុធកែច្នៃដ៏ធំបំផុតមួយ ឆ្លងកាត់ពាសពេញប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបយោធានេះ។ អំពើរដ្ឋប្រហារយោធានេះ បានសម្លាប់មនុស្សជាង៨០០នាក់ ហើយក្រុមអ្នកតវ៉ា ប្រហែលជាង៥០០០នាក់ ត្រូវបានចាប់ខ្លួន។

ស្ថិតក្នុងស្ថានភាពបែបនេះ ក្រុមជនជាតិភាគតិចប្រដាប់អាវុធ នៅតាមរដ្ឋជាច្រើន ដូចជា រដ្ឋកាឈីន ការ៉ែន និងរដ្ឋមនជាដើម បានងើបបះបោរឡើង ប្រឆាំងនឹងពួកយោធា រហូតមានការបាញ់ប្រហារគ្នាជាញឹកញាប់។ ចំណែកពួកយោធា បានបង្កើនការវាយប្រហារតាមអាកាស ទៅលើតំបន់ជាច្រើន បណ្ដាលឲ្យមានជនស៊ីវិល រាប់សែននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

លោកស្រី មីឆែលឡេ បាសេលេត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្លាប់ព្រមាន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ថា អ្វីដែលបានចាប់ផ្តើម ធ្វើរដ្ឋប្រហារ ដោយយោធាភូមា គឺជាការវាយប្រហារយ៉ាងពេញទំហឹងមួយ ប្រឆាំងនឹងប្រជាជនស៊ីវិល ដែលបានរីករាលដាល និងមានលក្ខណៈជាប្រព័ន្ធ។ លោកស្រីបាននិយាយជាដដែលៗថា ស្ថានភាព នៅក្នុងប្រទេសភូមា បានចាប់ផ្ដើមកាន់តែអាក្រក់ឡើងៗ ចាប់តាំងពីមានវិបត្ដិនយោបាយ នៅថ្ងៃទី១ ខែកុម្ភៈ មកម៉្លេះ។ វិបត្ដិនេះកំពុងតែបង្កមហន្ដរាយដល់សិទ្ធិមនុស្សជាពហុវិមាត្រ។.

លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបន្ថែមថា ចាប់តាំងពីការធ្វើរដ្ឋប្រយោធានោះមក ប្រជាពលរដ្ឋភូមា ជិត៩០០នាក់ ត្រូវបានគេសម្លាប់ ហើយពលរដ្ឋប្រមាណជាង ២០០ ០០០នាក់ បង្ខំឲ្យរត់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការវាយឆ្មក់របស់យោធាយ៉ាងសាហាវព្រៃផ្សៃទៅលើស្រុក និងភូមិនានារបស់ពួកគេ។ ការរងទុក្ខ និងអំពើហិង្សា នៅទូទាំងប្រទេសបែបនេះ គឺជាការជំរុញឲ្យទៅរកផ្លូវដ៏អាក្រក់ សម្រាប់ការបរាជ័យរបស់រដ្ឋ ឬសង្គ្រាមស៊ីវិលកាន់តែធំ។

ជាមួយគ្នានេះ លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិ បានជំរុញឲ្យសហគមន៍អន្ដរជាតិ ត្រូវរួបរួមគ្នា ក្នុងការដាក់សម្ពាធទៅលើរបបយោធាភូម ដើម្បីបញ្ឈប់នូវការវាយប្រហាររបស់ពួកគេទៅលើពលរដ្ឋភូមា ហើយធ្វើឲ្យប្រទេសនេះ វិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលជាការឆ្លុះបញ្ចាំពីឆន្ទៈដ៏ពិតប្រាកដរបស់ពលរដ្ឋភូមា។ លោកស្រីបានថ្កោលទោស ចំពោះការវាយប្រហារតាមអាកាស ដោយមិនរើសអើង ការបាញ់ផ្លោង ការសម្លាប់ជនស៊ីវិល និងការភៀសខ្លួនដ៏ធំរបស់ពលរដ្ឋ។ រីឯសំឡេងជនស៊ីវិល ក៏ត្រូវបានស្ងាត់ ហើយអ្នកកាសែតជាង៩០នាក់ ត្រូវបានចាប់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន៨ ក៏ត្រូវបង្ខំឲ្យបិទផងដែរ។

ជាមួយគ្នានេះ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ពលរដ្ឋភូមាជាង៦លាននាក់ កំពុងតែប្រឈមនឹងការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយពលរដ្ឋ ជិតពាក់កណ្ដាល នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ នៅដើមឆ្នាំ២០២២៕