រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/រស់នៅក្នុង វត្ត ជុំ ដែលមានទីតាំងស្ថិតនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ក្រុមគ្រូពេទ្យ បានទៅយកសំណាកធ្វើតេស្ត ដោយរកឃើញព្រះសង្ឃ៤អង្គ វិជ្ជមានជំងឺកូវីដ១៩ ដែលប្រភពឆ្លង មកពីនិស្សិតស្នាក់នៅក្នុងវត្តម្នាក់ បានឆ្លងមេរោគកូវីដ ពីខាងក្រៅ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១១នាក់ ខណៈអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយ។

បើគគិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០,៤១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់សរុបចំនួន ១១៨៨នាក់៕