រាជធានីបាងកក៖ ស្រ្ដីជនជាតិថៃម្នាក់ ជាភរិយារបស់គ្រូបង្រៀនសាលាឯកជនមួយ បានបាត់បង់ជីវិត ក្រោយទទួលការចាក់វ៉ាក់ដូសទី២របស់គាត់ ហើយសាកសព ត្រូវបានប្ដីរបស់គាត់ ប្រទះឃើញ នៅក្នុងផ្ទះរបស់ពួកគេ ស្ថិតក្នុងតំបន់ Prachuap Khiri Khan ។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ។

លោក Saksit Dutwan អាយុ៤៤ឆ្នាំ គ្រូបង្រៀនសាលាឯកជន មានប្រពន្ធរបស់គាត់ ឈ្មោះ Phongsaphak Satthasophon អាយុ៣៩ឆ្នាំ ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ដូសទី២ នៅមន្ទីរពេទ្យ Prachuap Khiri Khan ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខណៈដូសទី១របស់ពួកគេ គឺចាក់ Sinovac ។

លោក Saksit បាននិយាយថា ក្រោយពេលមកដល់ផ្ទះវិញ គាត់មានអារម្មណ៍ឈឺក្បាល និងផ្ដាសាយ។ រីប្រពន្ធរបស់គាត់ ក៏បានឡើងទៅសម្រាន្ដនៅលើផ្ទះបាត់ទៅ។ រហូតដល់យប់ ទើបគាត់ឡើងជាន់ខាងលើ ហៅប្រពន្ធរបស់គាត់ ខណៈឃើញនាងរកកល់ក្អូតចង្អុរ រួចហើយក៏នាំប្រពន្ធទៅកាន់មន្ទីរពេទ្យ។ លុះថ្ងៃបន្ទាប់ ប្រពន្ធរបស់គាត់ បានឡើងទៅសម្រាន្ដ នៅជាន់ខាងលើ ប៉ុន្ដែដល់ពេលគាត់ហៅ មិនឮសំឡេងឆ្លើយតប គាត់បានឡើងទៅមើល គឺនាងបានស្លាប់បាត់ទៅហើយ។

បុរសជាប្ដី បានបញ្ជាក់ថា ទោះបីជាភរិយារបស់គាត់ កំពុងប្រើថ្នាំមួយចំនួន ដើម្បីព្យាបាលជំងឺលើសឈាមក៏ដោយ ក៏គ្រូពេទ្យនៅឯកន្លែងចាក់វ៉ាក់សាំងនោះ បាននិយាយថា ប្រពន្ធរបស់គាត់អាចទទួលការចាក់វ៉ាក់សាំងបាន។

លោកវេជ្ជបណ្ឌិត Sopon Mekthon ជំនួយការរបស់រដ្ឋមន្រ្ដីក្រសួងសុខាភិបាលថៃ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងការចាក់វ៉ាក់សាំង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា មានពលរដ្ឋចំនួន ២ ៣០០នាក់ បានទទួលការចាក់វ៉ាក់សាំង តាមគោលនយោបាយបូកវ៉ាក់សាំងពីរប្រភេទផ្សេងគ្នានេះ។ ប៉ុន្ដែមិនមានអ្នកណាម្នាក់ រងការប្រតិកម្មធ្ងន់ធ្ងរនោះឡើយ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ កំពុងតែតាមដាន អំពីផលប៉ះពាល់ដោយសារតែការ​ប្រើប្រាស់វ៉ាក់​សាំង​ចាក់ដូសទី១ និងដូសទី២ ជាប្រភេទវ៉ាក់សាំងផ្សេងគ្នានេះ៕