រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះអាជ្ញាធរជាតិអប្សរាប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

បើតាមប្រភពអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។

លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បានរកឃើញក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន០៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕