ខ្សែបម្រើវ័យក្មេង ជឿន ណាចារ បង្ហើបថា បានចាត់ទុក ចាន់ វឌ្ឍនាកា ជានិមិត្តរូប៦ឆ្នាំមកហើយ ពោលចាប់តាំងពីឃើញការលេងរបស់កីឡាករក្លិបបឹងកេតរូបនេះក្នុងក្រុមជម្រើសជាតិកម្ពុជា វគ្គជម្រុះ FIFA World Cup 2018 កាលឆ្នាំ២០១៥ តទល់ក្រុមម៉ាកាវ នៅស្តាតចាស់។ 

ណាចារ ដែលបច្ចុប្បន្នលេងនៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទចូលចិត្តការលេងរបស់រៀមច្បងរូបនេះ។ គេថា ចាប់តាំងពីបានឃើញសមត្ថភាពដ៏ល្អរបស់វឌ្ឍនាកា គេក៏ចាប់ផ្ដើមចូលចិត្តបាល់ទាត់កាន់តែខ្លាំង និងតាំងចិត្តព្យាយាមហាត់កីឡានេះរហូតអាចវិវឌ្ឍខ្លួនជាកីឡាករកម្រិតអាជីពមួយរូប។

ណាចារ ពន្យល់ពីមូលហេតុចាត់ទុកចាន់ វឌ្ឍនាកា ជានិមិត្តរូបបែបនេះ “៖កាលនៅតូចខ្ញុំចូលចិត្តមើលបាល់ខ្មែរ មើលជម្រើសជាតិ។ ខ្ញុំឃើញគាត់លេងល្អ បញ្ចប់ទីល្អ រហ័សរហួនអ៊ីចឹងបង។ គាត់លេងល្អ ទាំងបង ប្រាក់ មុន្នីឧត្តម ក៏លេងល្អ។ ចាប់ពីហ្នុងមកខ្ញុំចង់លេងបាល់ដូចគាត់ និងបានចាត់ទុកគាត់ជា idol។”ជឿន ណាចារ បានជួបប្រកួតតទល់ចាន់ វឌ្ឍនាកា លើកដំបូងកាលថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ពេលបឹងកេតប៉ះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ណាចារ ដែលត្រូវបានក្រុមហៅកាត់ Tiffy Army បញ្ចូលក្នុងក្រុមធំកាលឆ្នាំ២០២០ក៏ទទួលបានអាវជាអនុស្សាវរីយ៍ពីវឌ្ឍនាកា ថែមទៀត៕

ប្រភព: CNCC