រាជធានីឡុងដ៍៖ ស្របពេលស្ថានការណ៍ នៅក្នុងសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្ដៅកាន់តែខ្លាំងឡើង ចក្រភពអង់គ្លេស ចាប់ផ្ដើមបញ្ជូនកងនាវាផ្ទុកយន្ដហោះរបស់ខ្លួន ចំនួន២គ្រឿង យកទៅឈរជើងអចិន្រ្ដៃយ៍ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជួយការពារដល់សម្ព័ន្ធមិត្ដរបស់ខ្លួន និងប្រទេសក្នុងតំបន់ រួមមាន ជប៉ុន និងកោះតៃវ៉ាន់…ជាដើម។

សារព័ត៌មាន Aljazeera បានចេញផ្សាយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា ចក្រភពអង់គ្លេស បានប្រកាសថា ខ្លួននឹងដាក់ពង្រាយនូវកងនាវាផ្ទុកយន្ដហោះចំនួន២គ្រឿង ជាអចិន្រ្ដៃយ៍ នៅក្នុងដែនទឹក នៃតំបន់អាស៊ី។ ការប្រកាសរបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ បានកើតឡើង ក្រោយពេលនាវាផ្ទុកយន្ដហោះ Queen Elizabeth និងនាវាចម្បាំងជាច្រើនគ្រឿងផ្សេងទៀត អមដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅក្នុងកញ្ញា ដោយឆ្លងកាត់សមុទ្រនានា ជាកន្លែងដែលចិនកំពុងតែដណ្ដើមឥទ្ធិពលជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

ចក្រភពអង់គ្លេស បញ្ចេញសកម្មភាពយោធាបែបនេះ ក៏ដោយសារតែប្រទេសមហាអំណាចមួយនេះ មានចំណងទំនាក់ទំនងយ៉ាងស៊ីជម្រៅ លើវិស័យការពារជាតិ ជាមួយនឹងប្រទេសជប៉ុន។ នេះជាសញ្ញាព្រមានមួយ ប្រឆាំងទៅនឹងមហិច្ឆតាវាតទីរបស់ចិន នៅក្នុងតំបន់ ដោយរួមទាំងដែនកោះតៃវ៉ាន់ ផងដែរ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ដែលបាគាំទ្រដល់បណ្តាញសម្ពន្ធមិត្ត និងដៃគូ ដែលមានទំនាក់ទំនង និងសហការគ្នាទៅវិញទៅមក ហើយលើកកម្ពស់ដល់សេរីភាពនាវាចរណ៍ និងជំរុញឲ្យមានការគោរពតាមបទបញ្ជា ដែលផ្អែកលើច្បាប់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នាវាផ្ទុកយន្ដហោះរបស់ចក្រភពអង់គ្លេសទាំង២គ្រឿងនេះ ដែលដឹកយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35B នឹងធ្វើនាវាចរណ៍ទៅកាន់ទីបញ្ជាការកងនាវារបស់ជប៉ុន និងនាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក USS Ronald Reagan នៅប្រជុំកោះ Yokosuka ប្រទេសជប៉ុន។

ដោយឡែក អ្នកនាំពាក្យស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅទីក្រុងតូក្យូ បានបញ្ជាក់ថា នាវាផ្ទុកយន្ដហោះរបស់ចក្រភពអង់គ្លេស នឹងមិនមានមូលដ្ឋានអចិន្រ្ដៃយ៍ នៅទីនោះទេ។ ទោះជាយ៉ាងណា សកម្មភាពយោធារបស់អង់គ្លេស នាពេលនេះ បានកើតឡើង ចំពេលមានជម្លោះកាន់តែក្ដៅគគុកឡើង នៅក្នុងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង អះអាងថា ភាគច្រើន នៃដែនសមុទ្រនោះ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។

ការអះអាងរបស់ចិន កំពុងតែបង្កឲ្យមានជម្លោះជាមួយនឹងប្រទេសវៀតណាម ហ្វីលីពី ប្រ៊ុយណេ និងម៉ាឡេស៊ី។ សមុទ្រចិនខាងត្បូង ដែលមានទំហំប្រហែល៣,៥លានគីឡូម៉ែត្រការ៉េនេះ ជាទីសម្បូរទៅ ដោយធនធានជីវចម្រុះ ឧស្ម័ន និងរ៉ែផ្សេងៗទៀត។ ដោយឡែកទំហំពាណិជ្ជកម្មឆ្លងកាត់សមុទ្រចិនខាងត្បូង ឆ្ពោះទៅកាន់ទីផ្សារពិភពលោក ត្រូវបានគេប៉ាន់ប្រមាណ មានទឹកប្រាក់ រហូតដល់៣លានលានដុល្លារសហរដ្ឋអាមេរិក ($ 3Trillion =1 000 000 000 000) ៕