ប្រទេសថៃ៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចារ បានណែនាំឱ្យអាជ្ញាធរបង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាពីការប្រើប្រាស់ឱសថបុរាណ ស្មៅប្រមាត់មនុស្ស (Andrographis paniculata) ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Somsak Thepsutin ដែលបានជំរុញឱ្យរដ្ឋាភិបាលបង្កើនការប្រើប្រាស់ឱសថបុរាណលើអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល ខណៈបញ្ហានេះកើតឡើងចំពេលកង្វះវ៉ាក់សាំងដែលនាំឱ្យមានការរិះគន់ដល់រដ្ឋាភិបាល។

សំណើរបស់គាត់បានភ្ជាប់មកជាមួយភ័ស្តុតាងបង្ហាញពីភាពជោគជ័យរបស់នាយកដ្ឋានកែតម្រូវក្នុងការព្យាបាលអ្នកទោស១២ ៣៧៦នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ ជាមួយនឹងសារធាតុចម្រាញ់ចេញពីស្មៅប្រមាត់មនុស្ស។

មុនពេលចេញវេជ្ជបញ្ជាឱសថបុរាណដល់អ្នកទោសដែលឆ្លងមេរោគលោក Somsak បាននិយាយថា គាត់បានសិក្សាព័ត៌មានដោយនាយកដ្ឋានឱសថបុរាណ និងវេជ្ជសាស្ត្រថៃដែលបានណែនាំអោយប្រើ Andrographolide​ ចំនួន១៨០ មីលីក្រាម​ ដែលចម្រាញ់ចេញពីស្មៅប្រមាត់មនុស្ស ក្នុងរយៈពេល៥ថ្ងៃជាប់គ្នាដល់អ្នកជំងឺដែលមានរោគសញ្ញាស្រាល ហើយក្រោយពី៥ថ្ងៃនោះ អ្នកជំងឺក៏បានជាសះស្បើយ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា​ ដីមួយរ៉ៃ អាចផ្តល់នូវស្មៅប្រមាត់មនុស្ស រហូតដល់៦០០គីឡូក្រាម ដែលអាចប្រែទៅជាថ្នាំគ្រាប់ចំរាញ់ពីរុក្ខជាតិ៣៧៥ ០០០គ្រាប់ ដូច្នេះសរុបចំនួន៣,១ពាន់លាន គ្រាប់បែបនេះ នឹងត្រូវការសម្រាប់គ្របដណ្ដប់ជនជាតិថៃទាំងអស់ដែលមានន័យថាយើងត្រូវការដីទំហំ៨ ៤០០រ៉ៃ ដើម្បីដាំស្មៅប្រមាត់មនុស្ស ៕