រាជធានីភ្នំពេញ​៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ជម្រុញ​ដល់​លោក​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​យកចិត្តទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​បទល្មើស​វិធាន​ក្រសួងសុខាភិបាល​ ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។​ ក្នុង​ករណី​ដែល​បណ្តែតបណ្តោយ​ឱ្យ​មានការ​បើក​ក្លឹ​ប​កម្សាន្ត​ជួបជុំ​គ្នា​ផឹកស៊ី​ ច្រៀង​រាំ​សប្បាយ​ល្មើស​វិធាន​ក្រសួងសុខាភិបាល​ គឺ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ថ្នាក់លើ​ ហើយ​កុំ​ឆ្លើយ​ថា​ បទល្មើស​កើត​ហើយ​ថា​ មិនដឹង​នោះ​។​

​បន្ទាប់​ពី​មាន​បទបញ្ជា​របស់​ ឯកឧត្តម​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រើប្រាស់​កម្លាំង​ជា​ច្រើន​នាក់​ ជាមួយនឹង​មធ្យោបាយ​ដោយ​រថយន្ត​ជា​ច្រើន​គ្រឿង​ ដឹកនាំ​ដោយ​លោក​លោកស្រី​ស្នងការ​រង​ នៅ​យប់​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​ គេ​ឃើញ​បង្កើន​ចេញ​ល្បាត​ត្រួតពិនិត្យ​រឹត​បន្តឹង​សន្តិសុខ​ នៅ​ក្នុងភូមិ​សាស្ត្រ​ទាំង​១៤​ខណ្ឌ​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ស្វែងរក​ចាត់វិធានការ​បង្ក្រាប​ចំពោះ​ទីតាំង​ ប្រកប​មុខរបរ​ អាជីវកម្ម​ រឺ​បើក​លួចលាក់​ខារ៉ាអូខេ​ ក្លឹ​ប​កម្សាន្ត​ ល្មើស​វិធាន​ក្រសួងសុខាភិបាល​ ដែល​បង្ក​ហា​នី​ភ័យ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។​

​នៅ​គ្រា​ដែល​គេ​មើលឃើញ​ថា​ ទើបតែ​កន្លង​ទៅ​ថ្មីៗ​នេះ​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ចេញ​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​បង្ក្រាប​ទីតាំង​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ ក្នុង​ខណ្ឌដូនពេញ​ យីហោ​ LOVE​ កាលពី​យប់​អធ្រាត្រ​ ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ឃាត់ខ្លួន​ជនបរទេស​និង​ជនជាតិ​ខ្មែរ​ជា​ច្រើន​នាក់​ រួម​និង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ ខណៈ​ទីតាំង​នោះ​បាន​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​ជួបជុំ​គ្នា​ផឹកស៊ី​ ច្រៀង​កម្សាន្ត​ និង​មានការ​ប្រើប្រាស់​គ្រឿងញៀន​។​ ជាង​នេះ​ថែម​ទៀត​ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​និង​ល្បាត​តាម​ភូមិសាស្ត្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ កន្លង​មក​គេ​មើលឃើញ​ញ​ថា​ ក៏​ធ្លាប់​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​ដែល​មានការ​ប្រមូលផ្តុំ​ជួបជុំ​គ្នា​ផឹកស៊ី​ ច្រៀង​ខារ៉ាអូខេ​ ជា​បន្តបន្ទាប់​ផង​ដែរ​ដូច​ជា​នៅ​ខណ្ឌ​សែន​សុខ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​តាម​បណ្តា​ខណ្ឌ​ផ្សេង​ទៀត​ផង​ដែរ​។​

​ការ​បង្កើន​ចេញ​ល្បាត​ត្រួតពិនិត្យ​ពង្រឹង​សន្តិសុខ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ពី​សំណាក់​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ គឺ​គេ​មើលឃើញ​ថា​ ក៏​ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ នៅ​ក្នុង​សហគមន៍​រាជធានី​ភ្នំពេញ​ និង​ក៏​ដើម្បី​ពង្រឹង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​វិធាន​ក្រសួងសុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយ​តប​លើ​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​១៩​ អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។​ នៅ​ គ្រា​ដែល​ស្ថានភាព​ជំងឺឆ្លង​កូ​វី​ដ​១៩​ នៅ​ក្នុង​សហគមន៍​រាជធានី​ភ្នំពេញ​ នៅ​តែ​គេ​មើលឃើញ​ថា​ មាន​សភាព​ស្មុគស្មាញ​ហើយ​បន្ត​ឆ្លង​រាលដាល​ មិន​ទាន់​មាន​សភាព​ធូរស្បើយ​នៅឡើយ​នោះ​ទេ​។​

​វិធានការ​ចុះ​ល្បាត​ត្រួតពិនិត្យ​នៅ​ពេល​យប់​អនុវត្ត​ជា​ប្រចាំ​ពី​សំណាក់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ផង​ទៀត​ ក៏​គេ​មើលឃើញ​ថា​ ក៏​បាន​ចុះ​អប់រំ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ប្រមូលផ្តុំ​ជួប​ផឹកស៊ី​នៅ​តាម​ផ្ទះ​ តាម​រោង​សិប្បកម្ម​ ការដ្ឋាន​សំណង់​ ដែល​ស្រែកច្រៀង​ឡូឡា​ដាស់​បាស់​ប៉ះពាល់​រំខាន​ដំណេក​និង​ការ​រស់នៅ​របស់​អ្នក​ជិតខាង​ និង​ការ​ជួបជុំ​នោះ​ក៏​មាន​ហា​នី​ភ័យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ហើយ​ណែនាំ​ឱ្យ​បញ្ឈប់​នៃ​ការ​ជួបជុំ​ផឹកស៊ី​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ ក្នុង​អំឡុង​ដែល​រាជធានី​ភ្នំពេញ​ នៅ​តែ​មាន​ហា​នី​ភ័យ​ឆ្លង​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩​ គេ​ឃើញ​ការ​លួច​បើក​ក្លិប​កម្សាន្ត​ ខារ៉ាអូខេ​ ជួបជុំ​ផឹកស៊ី​ខ្លះ​នៅ​តែ​កើត​មាន​ ដោយ​លួចលាក់​ តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ដោយ​មិន​គោរព​វិធាន​ក្រសួងសុខាភិបាល​ ហើយ​ត្រូវ​បាន​រង​ការ​បង្ក្រាប​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​បន្តបន្ទាប់​រួច​ហើយ​ផង​ដែរ​។​

​ក្នុង​កិច្ច​ការងារ​នៃ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ នៅ​ក្នុង​សហគមន៍​រាជធានី​ភ្នំពេញ​ ជា​ពិសេស​ការ​បើក​លួចលាក់​ក្លិប​កម្សាន្ត​ ខារ៉ាអូខេ​ ដែល​ជា​សកម្មភាព​ផ្ទុយ​និង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​វិធាន​ក្រសួងសុខាភិបាល​ នៅ​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​ zoom​ meeting​ ស្តី​ពី​ការ​ត្រួតពិនិត្យ​លទ្ធផល​សកម្មភាព​អនុវត្ត​ការងារ​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ លើ​ការងារ​ការពារ​សន្តិសុខ​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​កាលពី​អំឡុង​ខែមិថុនា​កន្លង​ទៅ​នេះ​ ៕