ថៃ ៖ សារព័ត៌មាន the Thaiger បានចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា មានអ្នកគ្រូបង្រៀន ជនជាតិថៃម្នាក់វ័យ៣៩ឆ្នាំ បានស្លាប់ ក្រោយពីទទួលចាក់វ៉ាក់ AstraZeneca ជាដូសទី២ ខណៈដូសទី១ គឺវ៉ាក់សាំង Sinovac របស់ចិន។

សារព័ត៌មានដដែលបន្តថា បុរសជាស្វាមីអ្នកគ្រូបង្រៀនរងគ្រោះ ដែលបានចាក់វ៉ាក់សាំងដូចគ្នាដែរនោះ បានរៀបរាប់ថា ក្រោយចាក់វ៉ាក់សាំង AstraZeneca ដូសទី២រួច ពួកគេមានអាការឈឺក្បាល និងក្តៅខ្លួនបន្តិចបន្តួច។ លុះដល់ពេលល្ងាច ប្រពន្ធរបស់គាត់ចាប់ផ្តើមមានអាការចង់ក្អួតចង្អោរខុសប្លែកពីធម្មតា ហើយនៅម៉ោងប្រមាណ ៧យប់នាងក៏បានស្លាប់បាត់ទៅ។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃ បានចេញគោលការណ៍ចាក់វ៉ាក់សាំងថ្មី ដោយតម្រូវឲ្យអ្នកដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី១ នឹងត្រូវចាក់ AstraZeneca នៅដូសទី២ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា ករណីអ្នកគ្រូបង្រៀនស្លាប់នេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យថៃ បានធ្វើការស៊ើបអង្កេតបន្ថែមទៀត ខណៈដែលអ្នកគ្រូបង្រៀនរងគ្រោះមានជំងឺលើសឈាមប្រចាំកាយផងដែរ៕